ជំនួបពិភាក្សាការងារជាមួយអង្គការJICA ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-កម្ពុជា


នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Kume Hidetoshi តំណាងអង្គការJICA ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីសំណើសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផ្នែកភស្ដុភារកម្មក្នុងឆ្នាំ២០១៧ និងស្ថានភាពភស្ដុភារកម្មនាពេលបច្ចុប្បន្ននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គការJICA ដែលបានផ្តល់ការគាំទ្របន្តលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទាក់ទងនឹងភស្តុភារកម្មសម្រាប់ឆ្នាំ២០១៧ និងបានស្នើឱ្យអង្គការJICA បំពេញការងារជាមួយធនាគារពិភពលោកដើម្បីរៀបចំពង្រាងលក្ខខណ្ឌការងារ(TOR)ឱ្យបានចប់សព្វគ្រប់ក្នុងគោលដៅបង្កើតក្រុមប្រឹក្សាជាតិភស្តុភារកម្មនៅចុងខែមិថុនាឆ្នាំ២០១៧នេះ។