កិច្ចប្រជុំបណ្ដាញស្ដីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ (ICT4E)


រាជធានីភ្នំពេញ៖ កិច្ចប្រជុំបណ្ដាញស្ដីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់វិស័យអប់រំ (ICT4E) គឺជាវេទិកាពិភាក្សាលើអន្តរាគមន៍នានាពាក់ព័ន្ធ ICT ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា ធានាការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ទី៤។

វេទិកានេះអនុញ្ញាតឱ្យភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យសាធារណៈ និងឯកជន ដែលបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការអប់រំនៅក្នុងប្រទេសកម្ពុជា ធ្វើបច្ចុប្បន្នភាព ពិភាក្សាផ្តោះប្តូរយោបល់កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ និងរួមគ្នាបង្កើតកិច្ចសហការ និងកិច្ចអភិវឌ្ឍនានា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានអ្នកចូលរួមប្រមាណ៧៥នាក់ មកពីសំណាក់ស្ថាប័នរដ្ឋភិបាល អង្គការជាតិ អន្តរជាតិ វិស័យសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍ។

ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ដើម្បីបង្កើតសេដ្ឋកិច្ចបែបឌីជីថល ឆ្លើយតបនឹងគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល ទាមទារចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពបែបឌីជីថល មានអក្ខរកម្មឌីជីថល បម្រើយន្តការសេដ្ឋកិច្ចឌីជីថល។ ហេតុនេះទេីបក្រសួងអប់រំ យុវជន និងកីឡាយកចិត្តទុកដាក់ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍធនធានមនុស្សតាំងពីថ្នាក់មូលដ្ឋាន ដេីម្បីបណ្តុះធនធានប្រកបដោយអក្ខរកម្មឌីជីថល។

ក្នុងឱកាសនោះ ក៏មានការចុះកិច្ចព្រមព្រៀងរវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Weidong Cloud Education Group នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការសុីជម្រៅ ក្នុងការបញ្ជ្រាបការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យអប់រំនៅកម្ពុជា៕

១២ មីនា ២០២០ | ភោជនីយដ្ឋានទន្លេបាសាក់II