កម្ពុជា-អូស្ត្រាលីបន្តពង្រឹងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៀត


(ភ្នំពេញ)៖ កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរបន្តទៅមុខទៀត នេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹងត្រៀមសហការជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេសកកម្មការទូត របស់ឯកឧត្តមប្រកបដោយជោគជ័យ ក្នុងន័យថា ឲ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី កាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។

ឯកឧត្តម បណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលមួយចំនួន ដែលក្រសួង បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តា ដៃគូពាក់ព័ន្ធនានា ក្នុងការរួមចំណែកយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក សម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពី កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេស វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ឯកឧត្តម រដ្ឋមន្ត្រី បានស្នើសុំទៅឯកឧត្តមអគ្គរដ្ឋទូត ឲ្យជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់មន្ត្រីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឱ្យដឹងថា៖ «ភាគីទាំងពីរបានរលឹកឡើងវិញនូវអ្វីជាទំនាក់ទំនងល្អ និងអនុស្សាវយីរ៍រវាងកម្ពុជា និងអូស្ត្រាលី អ្វីដែលអូស្រ្តាលីបានជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។ ពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ភាគីអូស្ត្រាលីចង់ស្វែងយល់បន្ថែម ទៅលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យអាណាព្យាបាល ព្រមទាំងយុវជនមានការយល់ដឹង ងាកមកចូលរៀនផ្នែកជំនាញវិជ្ជាជីវៈនៅកម្ពុជាកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងតម្រូវទីផ្សាររីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ អូស្ត្រាលី នឹងសន្យា ផ្តល់នូវ អាហារូបករណ៍ដល់សិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ទន្ទឹមនេះដែរ កម្ពុជា-អូស្ត្រាលី នឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្តូរ សិស្ស និស្សិត សាស្ត្រាចារ្យក្នុងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើនថែមទៀត ដើម្បីសិក្សាស្វែងយល់ពីគ្នា និងជួយគ្នាទៅវិញទៅមក»។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា៖« អូស្ត្រាលីបានជួយកម្ពុជា លើក្រមសីលធ៌មទីភ្នាក់ងារជ្រើសរើសឯកជន ធ្វើយ៉ាងណាទប់ស្កាត់ការជួញដូរមនុស្ស ជាបញ្ហាធ្វើប៉ះពាល់សិទ្ធពលករទេសន្តប្រវេសន៍។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទៅលើសុវត្ថិភាព សន្តិសុខការងារ កន្លងមកនេះអូស្ត្រាលីបានធ្វើការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចំពោះសុវត្ថិភាពអគារ យើងចង់អូស្ត្រាលីជួយជាបច្ចេកទេសនូវសុវត្ថិភាព និងសន្តិសុខការងារនៅកន្លែងធ្វើការផងដែរ ក្នុងការទប់ស្កាត់នូវបញ្ហាសុវត្ថិភាពការងារនេះដែរ។ ជាមួយគ្នានេះ អូស្ត្រាលីក៏ជាប្រទេសមួយជួយកម្ពុជា ពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដែលអូស្ត្រាលីជាប្រទេសនាំមុខគេក្នុងការលុបបំបាត់សារធាតុនេះ វាមានបញ្ហាប៉ះពាល់យ៉ាងខ្លាំងទៅដល់កម្មកររបស់យើងដែរ កាលណាយើងមិនបានទប់ស្កាត់ទេនោះ។ យើងបានធ្វើការជាមួយអូស្ត្រាលី ដែលបានផ្តល់ទាំងថវិការ បច្ចេកទេសក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់សមត្ថភាពការយល់ដឹងពីសារធាតុអាសបេស្តុសសម្រាប់បង្ការទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។ ឯកឧត្តមថា៖ «ចំពោះបញ្ហាផ្សេងៗទៀតនោះ ជារួមអូស្ត្រាលីនឹងបន្តការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្តទៀត ក្នុងករណីកម្ពុជាត្រូវការឱ្យអូស្ត្រាលីជួយ »៕