សម្ដេចតេជោ ថា សម រង្ស៊ី ភ្លីភ្លើអត់ដឹង រឿងប្រវត្តិសាស្រ្ត ក៥


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះការលើកឡើងរបស់ ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ ពីប្រវត្តិសាស្រ្តក៥ ហើយថាមេបក្សប្រឆាំងនេះ ភ្លីភ្លើអត់ដឹងរឿង ប្រវត្តិសាស្រ្ត ក៥ កើតមានដោយសារអ្វី ព្រោះផែនការ ក៥ កើតមានឡើងដោយសារពួកក្រុមឯកឧត្ដមសម រង្ស៊ី ។

ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេចតេជោ បានថ្លែងខ្លាំងៗថា “ហើយមួយនោះដាក់មក ស្អីទៀតទេ អី ក៥ ផ្ដាំទៅត្រឡប់ទៅវិញ ក៥ ដោយសារក្បាល ពួកលោកឯងហ្នឹងហើយ បានវាមាន ក៥ តាមរយៈការវិលត្រឡប់មកវិញ នៃរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត សមពួកក្បាលលោកឯងនោះទេ ជាអ្នកទទួលខុសត្រូវ លើសោកនាដកម្មរបស់ ប្រជាជន​កម្ពុជា រឿងអីទៅធ្វើសម្ព័ន្ធភាព ជាមួយខ្មែរក្រហម មកវាយបំផ្លាញ ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បើលោក​ឯងស្នេហ៍ស្និតជាមួយ ខ្មែរក្រហមលោកឯងចូលមក ឲ្យវាជាប់ទោសជាមួយគេទៅ ភ្លីភ្លើអត់ដឹង​ប្រវត្តិសាស្រ្ត” ។

សម្ដេចបន្តថា ការកាត់ទោសខ្មែរក្រហម ដោយសារខ្មែរក្រហមអាក្រក់ សម្លាប់ខ្មែរគ្នាឯង ។ សម្ដេចថា អញ្ចឹង​សម្ដេច ការពារការវិលត្រឡប់របស់ខ្មែរក្រហម អត់មានអ្វីខុសទេ ហើយថ្ងៃនេះមានសន្តិភាព ដោយសារតែរំលំ ប៉ុល ពត និងទប់ស្កាត់មិនឲ្យ ប៉ុល ពត ត្រឡប់មកវិញបាន ។

ទាក់ទិនទៅនឹងអ្នកដែល ជេរប្រមាថថ្ងៃ៧ មករា សម្ដេចតេជោ បានប្រតិកម្មទៅវិញថា អ្នកជេរប្រមាថថ្ងៃ៧ មករា ស្មើនឹងមើលងាយវិញ្ញាណក្ខន្ធ ដែលបានស្លាប់ រាប់ទាំងក្រុមគ្រួសារអ្នកឯងផងដែរ ៕