អភិបាលរាជធានីភ្នំពេញ បញ្ជារដ្ឋបាលខណ្ឌទាំង១៤ ដឹកទឹកជូនពលរដ្ឋដែលជួបការខ្វះខាត ពិសេសនៅតំបន់ជាយក្រុង


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១៤ ត្រូវដឹកទឹកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ប្រើប្រាស់ប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង ដើម្បីផ្គត់ផ្គង់សម្រាប់ជាបណ្ដោះអាសន្នសម្រាប់រដូវប្រាំងនេះ។

ក្នុងកិច្ចប្រជុំជាមួយមន្ដ្រីពាក់ព័ន្ធបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញសព្វថ្ងៃ មិនត្រឹមតែរីកទំហំផ្ទៃដីប៉ុណ្ណោះទេ គឺលូតកម្ពស់ថែមទៀតផង ដោយលំនៅឋានសង់ខ្ពស់ៗជាច្រើន ដូចនេះតម្រូវការទឹកច្រើនក៏មានកើនឡើងផងដែរ ជាហេតុនាំឲ្យមានការខ្វះខាត។

ជាមួយគ្នានេះលោក ឃួង ស្រេង ក៏បានសុំការអធ្រាស្រ័យ និងយោគយល់ខ្ពស់បំផុតពីប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតំបន់ជាយរាជធានីភ្នំពេញ ដែលជួបបញ្ហាកង្វះទឹក ស្អាតប្រើប្រាស់នេះ។ ប៉ុន្ដែលោកអំពាវនាវដល់ពលរដ្ឋរស់នៅកណ្ដាលរាជធានីភ្នំពេញ ចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក ដើម្បីបង្កលក្ខណៈឲ្យទឹករត់បានពេញនៅក្នុងទុយយោដែល បាញ់ចេញពីអាងផលិត។

សូមជម្រាបថា បញ្ហាខ្វះទឹកស្អាតប្រើប្រាស់សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ជាយក្រុងកំពុងតែប្រឈមជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យតំបន់ខ្លះ តម្រូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចសហការ គ្នាជួយដឹកទឹកយកទៅផ្គត់ផ្គង់ឲ្យជាប្រចាំ ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន នៅរដូវប្រាំងនេះ។

លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ផលិតទឹកស្អាតបានជាង ៦៤ម៉ឺនម៉ែត្រគូប ខណៈដែលតម្រូវការប្រើប្រាស់មានកើនឡើង រហូតដល់ ជាង៧០ម៉ឺនម៉ែត្រគូប ជាហេតុនាំឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខ្វះទឹកប្រមាណ ១០ម៉ឺនម៉ែត្រគូប ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។

លោក ស៉ឹម ស៉ីថា ការផលិតទឹករបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មិនបានថយចុះនោះទេ ពោលសមត្ថភាព នៃការផលិតទឹកស្អាតនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ តែដោយសារតម្រូវការប្រើប្រាស់មានកើនឡើងខ្ពស់ លើសការរំពឹងទុក។ លោកថា ឆ្នាំ២០១៦ ផលិតបានត្រឹមជាង ៤០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នផលិតបានជាង ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន កាន់តែច្រើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ, នៅដើមឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់រោងចក្រ ផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសង្កាត់បាក់ខែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាជាង ៣០០លានដុល្លារអាមេរិក ដែលមានសមត្ថភាពអាចផ្គត់ផ្គង់ទឹកបានជិត ៤០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

ពាក់ព័ន្ធករណីនេះ លោក ស៉ឹម ស៉ីថា បានអះអាងថា តាមការគ្រោងទុកអាងផលិតទឹកស្អាតនេះ នឹងសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៣ ដែលនៅពេលនេះសមត្ថភាពផលិតទឹកស្អាត នឹងកើនឡើងបន្ថែមទៀត ដូច្នេះលោកធានាថា ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ នឹងគ្មានការខ្វះខាតទៀតឡើយ៕