សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកកាលបរិច្ឆេទ រៀបចំកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះទៅថ្ងៃក្រោយវិញ ដើម្បីបង្ការជំងឺ Covid-19 ដោយជៀសវាងការប្រមូលផ្តុំ ដែលនាំមកនូវហានិភ័យនៃផ្សេងៗ។

លោក សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរាបជូនថា សម្តេចតេជោបានសម្រេចដ៏ខ្ពង់ខ្ពស់លើកកម្មវិធី វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ»។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗ ជាមួយរាជរដ្ឋាភិបាល៕