ចិន ប្រកាសបន្តជួយកម្ពុជា ក្នុងប្រតិបត្តិការការពារទប់ស្កាត់វីរុសកូវីដ១៩


(កំពត)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា ឯកឧត្តម វ៉ាង វិន ធៀន (Wang Wen Tian) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា ចិននឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិបត្តិការការពារ ទប់ស្កាត់វីរុសកូវីដ១៩ ខណៈកន្លងទៅចិន បានផ្ដល់សម្ភារ ឧបករណ៍មួយចំនួនដល់កម្ពុជា ដើម្បីការពារនូវវីរុសដ៏កាចសាហាវមួយនេះ។

ក្នុងឱកាសអញ្ជើញរួមគ្នាជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បើកសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅខេត្តកំពត ឯកឧត្តម វ៉ាង វិនធៀន (Wang Wen Tian) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ភាគីចិន នឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិបត្តិការការពារ ទប់ស្កាត់ វីរុសកូវីដ១៩នេះ»។

បើតាម ឯកឧត្តម វ៉ាង វិន ធៀន កន្លងទៅចិនផ្ដល់សម្ភារ ឧបករណ៍មួយចំនួនដល់ប្រទេសកម្ពុជា ដើម្បីទុកការពារ ទប់ស្កាត់ការរីករាលដាលនេះវីរុសកូវីដ១៩។ សម្ភារដែលភាគីចិនផ្ដល់ជូនកម្ពុជានោះរួមមាន៖ ថ្នាំសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ១៩ ចំនួន២,០០០ឈុត, អាវពេទ្យសម្រាប់ការពារ ចំនួន៥,០០០កំផ្លេ, ម៉ាសពេទ្យ N95 ចំនួន៥,០០០ម៉ាស និងម៉ាសពេទ្យធម្មតា ចំនួន២០ម៉ឺនម៉ាស។

ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានកត់សម្គាល់ឃើញថា មកទល់បច្ចុប្បន្នេះ ដោយសារតែទទួលរងផលប៉ះពាល់ពីវីរុសកូវីដ១៩ បានធ្វើឲ្យវិស័យវេយនភណ្ឌកាត់ដេរនៅកម្ពុជា ប្រឈមមុខនឹងកង្វះខាតនូវវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ផលិតកម្ម។

ឯកឧត្តមបន្ដថា ដោយមើលឃើញពីការលំបាកនេះ ភាគីចិនបានរិះរកគ្រប់មធ្យោបាយ ដោយបានសម្របសម្រួលជាមួយសហគ្រាសផ្គត់ផ្គង់វត្ថុធាតុដើម កប៉ាល់ដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ជាដើម ចូលរួមដោះស្រាយយ៉ាងពេញទំហឹងនូវតម្រូវការយ៉ាងចាំបាច់របស់ភាគីកម្ពុជា ហើយកប៉ាលដឹកទំនិញធំៗ ពេញទៅដោយវត្ថុធាតុដើម សម្រាប់វិស័យវេយនភណ្ឌកាត់ដេរ បានមកដល់កំពង់ផែព្រះសីហនុជាបន្ដបន្ទាប់។