ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ស្នើសហជីពចូលរួមទប់ស្កាត់អំពើប្រព្រឹត្តខុសនីតិវិធីច្បាប់ ឬសកម្មភាពដែលមានចរិតញុះញង់


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សហជីពទាំងអស់ចូលរួម ទប់ស្កាត់អំពើប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់ ឬសកម្មភាពដែលមានចរិតញុះញង់ ដើម្បីទាមទារអ្វីមួយដែលខុសពីច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនាឱកាសឯកឧត្តមអនុញ្ញាតឱ្យលោក លី វេង ប្រធានសហភាពសហជីពការងារខ្មែរ និងសហការីមកពីសហព័ន្ធសហជីពចំនួន៥ទៀត ចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ ដើម្បីពង្រឹងការងាររបស់ខ្លួនបន្ថែមទៀតក្នុងការផ្តល់ការការពារ និងលើកកម្ពស់សិទ្ធិកម្មករនិយោជិត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

ក្នុងជំនួបនោះ លោក លី វេង បានជម្រាបជូនលោករដ្ឋមន្រ្តីពីការខិតខំការងារកន្លងមករបស់សហភាពសហជីពការងារខ្មែរ ដែលបានរួមចំណែកក្នុងការគាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិបន្តរីកចម្រើនលើគ្រប់វិស័យកម្មករនិយោជិតទទួលបាននូវឱកាសការងារ ប្រាក់ឈ្នួលកាន់តែប្រសើរ ការពារសិទ្ធិ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការទទួលបាននូវកិច្ចគាំពារសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យសហភាពសហជីពនេះ ខិតខំបន្តចូលរួមសកម្មភាពឱ្យកាន់តែផុសផុលថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ ដើម្បីធានានូវដោះស្រាយការងារជូនកម្មករនិយោជិត រោងចក្រ សហគ្រាស នៅតែអាចបន្តផលិតកម្ម អាជីវកម្ម សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិតនូវតែធានាបាន។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់សហភាពសហជីពនេះ ត្រូវចូលរួមទប់ស្កាត់ការអំពើប្រព្រឹត្តខុសនីតិវិធីច្បាប់ ឬសកម្មភាពដែលមានចរិតញុះញង់ ដើម្បីទាមទារអ្វីមួយខុសពីច្បាប់ ដែលនាំឱ្យមានការខាតបង់ទាំងកម្មករនិយោជិត ម្ចាស់រោងចក្រ សហគ្រាស ហើយនិយាយជារួមខាតបង់ដល់ប្រទេសជាតិតែម្តង។

ត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិ ព្រោះថាបើរោងចក្រ សហគ្រាស គេមិនអាចដំណើរការបានហើយ កុំថាឡើយសហជីពមានសិទ្ធិ ដើម្បីទាមទារនេះទាមទារនោះ សហជីពខ្លួនឯងក៏ចប់អាជីពដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលឹកឱ្យសហភាពសហជីព ចូលរួមគាំទ្រ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាល់នៃជំងឺរាតត្បាតជាសកល កូវិដ-១៩។

សហភាពសហជីការងារខ្មែរបានប្តេជ្ញាខិតខំអនុវត្តនូវរាល់អនុសាសន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តនូវវិជ្ជាជីវៈក្នុងនាមជាសហជីពនេះអាចដើរតួនាទីកាន់តែប្រសើរដល់ការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតចូលរួមឱ្យម្ចាស់រោងចក្រ សហគ្រាសទទួលបាននូវផលចំណេញ ហើយក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជក់ថា សហភាពសហជីពការងារខ្មែរមានសហព័ន្ធសហជីពជាសមាជិកចំនួន ៥ និងមានសហជីពមូលដ្ឋានសរុបចំនួន ១០២ ហើយមានកម្មករនិយោជិតជាសមាជិកសរុបចំនួន ២៣,៣២២នាក់៕