វត្តម្លូព្រៃ និងសមិទ្ធិផលនានាដែលកសាងអស់ថវិកាជាង ៤០០លានរៀល ត្រូវបានធ្វើពិធីបញ្ចុះសីមា, ទេសរដ្ឋមន្ត្រី មាស សុភា៖ វិស័យពុទ្ធចក្របានរួមចំណែកក្នុងការកសាងសង្គមយ៉ាងច្រើន


(ព្រះវិហារ)៖ វត្តទេពនិម្មិតហៅ វត្តម្លូរព្រៃ និងសមិទ្ធិផលនានាដែលកសាងអស់ថវិកាជាង ៤០០លានរៀល ស្ថិតក្នុងភូមិម្លូរព្រៃ ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីមា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រុមការងាររួមជាមួយអជ្ញាធរខេត្តព្រះវិហារ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធស្រុកឆែប និងព្រះសង្ឃ ពុទ្ធបរិសទ័មកពីជិតឆ្ងាយជាច្រើនរូបទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម៣ឆ្នាំ ៨ខែ និង២០ថ្ងៃ វត្តទេពនិម្មិតហៅវត្តម្លូរព្រៃ ក៏ដូចជាវត្តអារាមនានានៅក្នុងប្រទេស ត្រូវបានរបបនេះធ្វើការ លុបបំបាត់ចោល ដោយយកវត្តអារាមទៅធ្វើជាឃ្លាំងសម្រាប់ស្តុកអីវ៉ាន់ និយាយរួមគឺរំលាយពុទ្ធសាសនាចោល វត្តអារាមចោល។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់យកព្រះពុទ្ធសាសនា គឺជាសាសនារបស់ជាតិ និងបានស្នើដាក់ទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាចក្រកម្ពុជា។ ឯកឧត្តមថា ការដែលកកើតនូវសមិទ្ធិផលថ្មីៗទាំងឡាយ នៅក្នុងវត្តក្នុងថ្ងៃនេះគឺជាសមិទ្ធិផលរួម ព្រោះដំណើរការរបស់ពុទ្ធចក្រ និងអាណាចក្រគឺត្រូវដើរទន្ទឹមគ្នា ពេលអាណាចក្រសម្បូរសប្បាយ មានការរីកចម្រើនលើគ្រប់វិស័យពុទ្ធបរិសទ័មានជីវភាពធូរធា ក៏បានជួយដល់វិស័យពុទ្ធចក្រមានការរីកចម្រើនដែរ។ ផ្ទុយទៅវិញវិសយ័ពុទ្ធចក្រក៏បានរួមចំណែកក្នុងការកសាង ការអប់រំសង្គមរបស់ យើងឲ្យដើរផ្លូវល្អ រួមចំណែកកសាងសង្គមយើងជាសង្គមមួយមានភាពសុខដុមផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបញ្ជាក់ទៀតថា «យើងបានកសាងសមិទ្ធិផលនានា និងរៀបចំពិធីបុណ្យនេះឡើងគឺដោយសារប្រទេសយើងទទួលបាននូវសុខសន្តិភាព។ សុខសន្តិភាពនេះគឺបានមកពីនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ហើយសុខសន្តិភាពក៏បានផ្តល់នូវស្ថេរភាពនយោបាយផ្តល់ឲ្យមានសន្តិសុខសាធារណៈ ផ្តល់ឲ្យយើងអាចធ្វើសមារណកម្មនៅលើឆាកអន្តរជាតិ បានផ្តល់ឲ្យយើងអភិវឌ្ឍន៍ប្រទេសក្រោយសង្គ្រាមរាប់ទស្សវត្ស»។ នេះហើយជាតម្លៃនៃសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ អ្នកដែលបង្កើតសន្តិភាព នោះគឺសម្តេចតេជោ ហ៊ុន សែន នោះគឺគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតអោយមានសន្តិភាពនេះឡើង ត្រូវដឹកគុណសន្តិភាព និងត្រូវប្រឆាំងដាច់ខាត អ្នកដែលបំផ្លាញសន្តិភាព។

ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមការងារពីជំងឺ covid-19។ នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានចូលរួមឧបត្ថម្ភក្នុងពិធីបញ្ចុះខណ្ឌសីមាថវិកាចំនួន ៤.៥លានរៀល ជូនតាជី យាជីក្នុងម្នាក់ៗ ថវិកា១ម៉ឺនរៀល ក្រណាត់ស១ដុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបានកាត់ខ្សែបូរនិងកាត់ឫសសីមាផងដែរ៕