ក្រសួងដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់ជូនប្រជាជន


ក្នុងគោលបំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ និងដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងលើវិស័យសំណង់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរ មានសមត្ថកិច្ច និងអ្នកពាក់ព័ន្ឋចាំបាច់នៅថ្នាក់ក្រោមជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ។

ពីធីនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីចូលរួមជាង ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញនេះធ្វើឡើង គឺក្នុងគោលបំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន ២៣៧កន្លែង អគារខ្ពស់ៗចំនួន ៤ជាន់ឡើងទៅមានចំនួន ១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន ៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន ៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន ២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណប្រហែលជា ៣,៤ពាន់លានដុល្លារអាមេរិក។

ឯកឧត្តមបន្តថា ទន្ទឹមនឹងការរីកចំរើននេះរាជធានីភ្នំពេញ ក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថា សំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើអោយយើងកាន់តែស្មុកស្មាញ ដែលទៀមទាឲ្យយកចិត្តទុកដាក់ពង្រឹងយន្តកាលគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ ទាំងអស់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារ គុណភាព បច្ចេកទេសសាងសង់ ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាព គុណភាពសំណង់និងដើម្បីបញ្ជៀសគ្រោះថ្នាក់ការងារដែលកើតឡើងដោយយថាហេតុ។

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចបានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍ និងមានសន្តិសុខល្អប្រសើរ។

ឯកឧត្តម ជា សុផារ៉ា បន្តថា ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះមានចំនួន ២២ជំពូក និង១១១មាត្រា ហើយគោលបំណងបង្កើតឲ្យមានការផ្សព្វផ្សាយនេះរួមមាន៖

*ទី១៖ ចង់ឲ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍ វិធានសំខាន់ៗ ដើម្បីធានាអនុវត្តឲ្យបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកប ទៅដោយការទទួលខុសត្រូវ។
*ទី២៖ ការជម្រុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់
*ទី៣៖ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើន ជំនឿទុកចិត្តដល់អ្នកវិនិយោគគិននិងអតិថិជនគ្រប់វិស័យទាំងអស់។

ឯកឧត្តមបន្តថា «លើការងារនេះ យើងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាលខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ព្រះសីហនុ ភ្នំពេញ ខណៈ ខេត្ត និងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញ យើងបានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែបនិង ត្បូងឃ្មុំជាដើម»។

ឯកឧត្តមបញ្ជាក់ផងដែរថា កន្លងមកនេះនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ មានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ ពេលនេះយើងមានច្បាប់ហើយ។ ដូច្នេះដើម្បីធានាប្រសិទ្ធភាព នៅក្នុងការអនុវត្តច្បាប់សំណង់នេះ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតិ គឺមិនអោយសាងសង់។ ច្បាប់នេះបានចែងអស់ហើយ ដោយអ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត៕