ក្រសួងសុខាភិបាលតម្រូវឱ្យគ្រប់រាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០នេះ ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាស្ដីពីការសម្រេចបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។

ក្រសួងសុខាភិបាលបញ្ជាក់ថា តាមស្ថានភាពរីករាលដាលបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល តម្រូវឲ្យមានសកម្មភាពឆ្លើយតបបន្ទាន់ទៅនឹងជំងឺនេះ តាមការវិវត្តន៍នៃការរីករាលដាលនៃវីរុស។ ឈរលើមូលដ្ឋាននេះក្រសួងសុខាភិបាល ស្នើសុំឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ រៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមរាជធានីខេត្តរបស់ខ្លួន ដែលមានសមាសភាពពីស្ថាប័នមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ហើយតម្រូវឲ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទទួលបន្ទុកផ្ទាល់ជាប្រធានគណៈកម្មការនេះ៕