ក្រសួងទេសចរណ៍បន្តអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវិដ ១៩


ក្រសួងទេសចរណ៍ បន្តអនុវត្តតាមសារាចរណែនាំ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវិដ ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។ ក្រសួងទេសចរណ៍ បានណែនាំដល់ មន្ត្រីរបស់ខ្លួនមិនត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ គ្រប់ប្រភេទ នៅតាមបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ ។

នៅក្នុងករណីចាំបាច់ ដែលខានមិនបាន ដែលតម្រូវឲ្យចូលរួមប្រជុំនៅតាមបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវស្នើសុំគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីធ្វើសំណើរបន្ត ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសុំច្បាប់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ នៃការប្រជុំឲ្យចូលរួមជំនួស ។

ប្រភពបន្តថា ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបត្រឡប់ពីបណ្ដាប្រទេស នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល 14 ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃដែលខ្លួនត្រឡប់មកដល់ ព្រះរាជាណាចក្រកម្ពុជាវិញ នឹងចំពោះការប្រាស្រ័យទាក់ទងគ្នាវិញ ត្រូវធ្វើការសំពះជំនួសឲ្យការចាប់ដៃ ៕