ខេត្តរតនគិរីចាត់វិធានការត្រួតពិនិត្យ វាស់កំដៅលើអ្នកដំណើរទូទៅ ដែលចូលខេត្តតាមរថយន្តគ្រប់ប្រភេទពីបណ្តាខេត្តផ្សេងៗ


(រតនគីរី)៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ ចម្រុះនៃមន្ទីរសុខាភិបាល មន្ទីរសាធារណៈការ និងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយ លោកគ្រូពេទ្យ ជា សានិត អនុប្រធានមន្ទីរទទួលបន្ទុកផ្នែកជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តបានចុះត្រួតពិនិត្យ វាស់កំដៅលើអ្នកដំណើរទូទៅដែលចូលខេត្តតាមរថយន្តគ្រប់ប្រភេទពីបណ្តាខេត្តផ្សេងៗ និងបាញ់ថ្នាំកំចាត់មេរោគ លើរថយន្តទាំងនោះ ដែលប្រតិបត្តិការនេះធ្វើឡើងនៅលើបណ្តោយផ្លូវជាតិលេខ៧៨ (ស្ទឹងត្រែង-រតនគិរី) ហើយដោយតម្រូវអោយអ្នកដំណើរទាំងអស់ចូលចំណតរថយន្តសាធារណៈ តាយ សេង ជាមុនសិន។ វាជាផ្នែកមួយនៃការរឹតបណ្តឹងក្នុងការ ទប់ស្កាត់ និងបង្ការការរីក រាលដាលនៃការចម្លងមេរោគកូវីដ១៩ ប្រចាំខេត្តរតនគិរី។

យោងតាមលោកគ្រូពេទ្យ ជា សានិត អនុប្រធានមន្ទីរទទួលបន្ទុកផ្នែកជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តបានអោយដឹងថាប្រតិបត្តិការណ៍ក្នុងថ្ងៃនេះជាលទ្ធផល ក្រុមការងារបានធ្វើការត្រួតពិនិត្យ និងបាញ់ថ្នាំសំលាប់មេរោគ ទៅលើរថយន្តតូច ធំ ប្រមាណ១៣៥រថយន្ត
ហើយធ្វើតេស្តកំដៅអ្នកធ្វើដំណើរបានចំនួន៨១០នាក់ ដោយពុំមានរកឃើញភាពករណីគួរអោយសង្ស័យនៃរោគសញ្ញាជម្ងឺផ្លូវដង្ហើមនោះឡើយ។

សូមបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះពុំទាន់មានករណីឆ្លងមេរោគកូវីដ១៩នៅក្នុងខេត្តរតនគិរីនៅឡើយទេ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តម ថង សាវុន អភិបាលខេត្តបានដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយគ្រប់បណ្តាមន្ទីរអង្គភាពនានា ជាពិសេសតាមបណ្តាក្រុង-ស្រុកទាំង៩ ចាត់វិធានការ ទប់ស្កាត់ និងបង្ការនូវការ
រីករាលដាលនៃ មេរោគ ដ៏កាចសាហាវកូវីដ១៩នេះ។

ជាមួយគ្នានេះដែលយោងតាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ក្រុមការងារចម្រុះខាងលើនេះត្រូវដាក់វេនប្រចាំការនៅចំនុចផ្លូវជាតិលេខ៧៨ ត្រង់ចំណតរថយន្តសាធារណៈ តាយ សេង ដែលជាច្រកចេញ-ចូលខេត្តដ៏សំខាន់ដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់មានការធូរស្រាលឡើងវិញនៃការចម្លងមេរោគដ៏សាហាវនេះ។

ដោយឡែកក្រុមការងារផ្សេងទៀតនៃបណ្តាក្រុង-ស្រុកទាំង៩ក៏ត្រូវអនុវត្តនូវវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តដាក់ចេញផងដែរ។