អភិបាលខេត្តកណ្ដាល បានដឹននាំមន្ត្រីជំនាញ និងពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ នូវនាវា៥គ្រឿង ដែលប្រទេសវៀតណាមមិនអនុញ្ញាតអោយចូលចត ក្នុងប្រទេសវៀតណាម


នាវាទេសចរណ៍ខ្មែរចំនួន ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ នាវិក អ្នកបំរើការងារនៅលើនាវា ប្រមាណ ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ ចាកចេញពីច្រកក្អមសំណរ ឆ្ពោះទៅកំពង់ផែស្វយ័តរាជធានីភ្នំពេញ ក្រោយពីពិនិត្យមិនឃើញមានវីរុស COVID-19 សម្រាប់អ្នកដែលជិះនៅលើ នាវាទាំងនេះ។

នេះជាការលើកឡើងរបស់ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញ មន្រ្តីចត្តាឡីស័ករបស់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ចុះទៅពិនិត្យផ្ទាល់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅច្រកទ្វាអន្តរជាតិក្អមសំណរ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល ក្រោយពេលដែលនាវាចំនួន ៤គ្រឿង (មួយគ្រឿងចតស្រាប់នៅច្រកក្អមសំណរ) បានវិលត្រឡប់មកវិញ ក្រោយពេលវៀតណាមមិនឲ្យចូលចត ដោយបានសហការជាមួយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា ក្រោយពីនាវា បានទៅដល់កំពង់ផែរាជធានីភ្នំពេញរួចហើយ ទេសចរណ៍ទាំងអស់មិនអនុញ្ញាតអោយចុះពីនាវាទេ ហើយក្រុមការងារចត្តាឡីស័កនៅរាជធានីភ្នំពេញនឹងធ្វើការពិនិត្យម្ដងទៀត។ បន្ទាប់ពីពិនិត្យរួចហើយ ករណីអ្នកទេសចរណ៍ នាវិក និងអ្នកបំរើការងារនៅលើនាវា មិនមានផ្ទុកCovid-19ទេ ក្រុមហ៊ុនទេសចរណ៍ទាំងអស់ត្រូវត្រៀមសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរណ៍របស់ខ្លួន ដើម្បីឱ្យគាត់បានត្រឡប់ទៅប្រទេសរបស់គាត់រៀងៗខ្លួនវិញ។ (សូមស្ដាប់ប្រសាសន៍ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន)

សូមបញ្ជាក់ផងដែរថា នាវាទាំង ៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះមានអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់ មាន៧ជាតិសាស្ត្រ មានជនជាតិអាមេរិចកាំង, ស្វីស,រុស្សី, បារាំង, កាណាដា, ដាណឹម៉ាក និងកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់បណ្ដាមន្ត្រីចត្តឡីស័ក និងមន្ត្រីតាមច្រកទាំងអស់ នៃច្រកព្រុំដែនទាំង២ស្រុក គឺស្រុកលើកដែក និងស្រុកកោះធំ ត្រូវពង្រឹងឲ្យម៉ឺងម៉ាត់ និងជាដាច់ខាតទៅលើការការពារ ការឆ្លងវីរុស COVID-19 ពិសេសពិនិត្យមើលទៅលើជនអន្តោប្រវេសន៍ ចេញចូលក្នុងភូមិសាស្ត្រខេត្តកណ្ដាល កុំមានការធ្វេសប្រហែស កុំមានការយោគយល់ កុំបណ្ដោយឲ្យមានការចេញ-ចូល តាមច្រករបៀង ដើម្បីទប់ស្កាត់ឲ្យខានតែបានការរីក រាលដាលវីរុសCOVID-19 ។

គួរជម្រាបថា នៅខេត្តកណ្ដាល ពុំទាន់មានការឆ្លងឬផ្ទុះឡើងករណីវីរុស COVID-19 នៅឡើយទេ ខណៈអាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវក្រុមគ្រូពេទ្យជំនាញ បន្ទប់ស្នាក់នៅ ថ្នាំ និងឧបករណ៍រួចជាស្រេច បើសិនជាមានករណីឆ្លងណាមួយកើតឡើង៕