បឹងតាមោក នឹងត្រូវយកធ្វើជាឧទ្យានធម្មជាតិ និងសង់នាយកដ្ឋានកណ្តាលសន្តិសុខ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ដីបឹងតាមោក (បឹងកកប់ស្រូវ) ទំហំ ៧៥ហិកតា ស្ថិត​ក្នុង​សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ និងសាងសង់នាយកដ្ឋានសន្តិសុខ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២០ ជម្រាបទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មណនិងសំណង់ និងអភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែលខ្លីៗ ទើប​តែទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

យោងតាមលិខិតដាច់ដោយឡែកមួយទៀតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ បាន​ជម្រាបជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មណនិងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាល នៃ​គណៈអភិបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថា “រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ដីបឹងតាមោក (បឹងកកប់ស្រូវ) ទំហំ ៨ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ដូច​មាន​ផែនទី​បង្ហាញទីតាំង និងនិយាមកាភ្ជាប់មកជាមួយ) ជូននាយកដ្ឋានកណ្តាលសន្តិសុខ នៃ​អគ្គស្នង​ការ​នគរ​បាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីសាងសង់អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​បងម្រើការងារ”។

ការសម្រេចយល់ព្រមផ្តល់ដីបឹងតាមោកទំហំ ៧៥ហិកតា ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យានធម្មជាតិសាធារណៈនៅរាជធានីភ្នំពេញ និងទំហំ ៨ហិកតា ជូន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ដើម្បីសាងសង់អគារ គឺយោងតាមលិខិតលេខ ០១៦-០១៧/២០ លស.គ ចុះថ្ងៃទី៥ ខែ​មីនា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ , លិខិតលេខ ១២៧-១២៨ ខន/០២០ ចុះថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០២០ របស់​ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និង​ចំណារ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

សូមជម្រាបថា បឹងតាមោក (បឹងកប់ស្រូវ) មានទំហំ ៣.២៣៥,៧ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ៕