ចៅហ្វាយក្រុងញូវយ៉ក រិះគន់ចំណាត់ការរបស់លោក ត្រាំ ក្នុងការទប់ស្កាត់ការរីកសាយវីរុសកូរ៉ូណាក្នុងស្រុក


(ញូវយ៉ក)៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានរិះគន់លើវិធានការឆ្លើយតបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះករណីឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ ថា «យឺតយ៉ាវ» និង «មិនគ្រប់ជ្រុងជ្រោយ» ដែលនេះបើយោងតាមការដកស្រង់ចេញផ្សាយដោយ CNN។

លោក Bill de Blasio បាននិយាយថា រដ្ឋាភិបាលបានបាត់វត្តមានពីការពិភាក្សានាពេលនេះ ហើយលោកបានប្រៀបប្រដូចលោក ដូណាល់ ត្រាំ ទៅនឹងប្រធានាធិបតីសហរដ្ឋអាមេរិកទី៣១ លោក Herbert Hoover ដែលវិបត្តិសេដ្ឋកិច្ចសកលលោកឆ្នាំ១៩២៩ បានកើតក្នុងអាណត្តិរបស់លោក។

លោកបានបន្ដថា៖ «ប្រធានាធិបតីមិនបានអើពើ ក្នុងការបង្កើនបរិមាណផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលកំពុងត្រូវការជាចាំបាច់នៅសហរដ្ឋអាមេរិកនាពេលនេះឡើយ»។

គួរបញ្ជាក់ផងដែរថា ករណីឆ្លងវីរុសកូរ៉ូណាត្រូវបានរាយការណ៍នៅរដ្ឋចំនួន ៥០ ក្នុងទឹកដីសហរដ្ឋអាមេរិក។ សាលារៀន កន្លែងកម្សាន្ដ និងភោជនីយដ្ឋានត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ដើម្បីបង្ការការឆ្លង៕