ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករ


នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Kawano Takaaki អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករបស់អង្គការJICA ទទួលបន្ទុកប្រទេសវៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ សឹង្ហបុរី ព្រុយណេ និងម៉ាឡេស៊ី។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីបេសកកម្មរបស់អង្គការJICA សម្រាប់ការត្រៀមរៀបចំ ស្ទង់មតិគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញដែលនឹងប្រព្រឹត្តទៅរវាងពីខែមេសា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨។ការសិក្សាលទ្ធភាពនេះមានគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងដើម្បីអភិវឌ្ឍផែនការមេសម្រាប់ផ្លូវរថភ្លើងទីក្រុងភ្នំពេញផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលផ្តល់ការគាំទ្រនិងជំនួយបន្តដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារអង្គការJICA បំពេញការងារឱ្យបានជិតស្និទ្ធជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធផ្សេងទៀតទាក់ទង នឹងការសិក្សាទាំងនេះ។