សាលា​រាជធានី អនុញ្ញាត​ឲ្យ​បារាំង​សង់​ស្តូប​រម្លឹក​ពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​


​ភ្នំពេញ​៖ អង្គការក្រៅរដ្ឋាភិបាល​បារាំង សហការ​ជាមួយ​សាលាក្តី​ខ្មែរក្រហម និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានស្នើ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​សង់​ស្តូប​រម្លឹក​អនុស្សាវរីយ៍​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម នាពេល​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឯកភាព ឲ្យ​ពួកគេ​សង់​ស្តូប​រម្លឹក​អនុស្សាវរីយ៍​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នោះ ក្នុង​បរិវេណ​សួនច្បារ​ទល់មុខ​ស្ថានទូត​បារាំង​រួចរាល់​ហើយ​ដើម្បី​បង្ហាញ​ពី​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​កាលពី​ឆ្នាំ​១៩៧៥​។​

​លោក​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​ប្លង់​បច្ចេកទេស​កំណត់​នោះ បារាំង​នឹង​សង់​រូបសំណាក​តំណាង​ប្រជាជន​ខ្មែរ ម្នាក់ ពិសេស​គឺ កុមារ និង​ស្ត្រី​រងគ្រោះ​កម្ពស់​ជាង ២​ម៉ែត្រ​ពី​លោហៈធាតុ​តាម​រចនាប័ទ្ម​ខ្មែរ ហើយ​ចារ​អក្ស​ខ្មែរ ដែល​បកស្រាយ​ពី​ការប្រើ​ហិង្សា និង​ការជម្លៀស​ដោយ​បង្ខំ​ក្នុង​របប ប៉ុល ពត​។ ប៉ុន្តែ​លោក ភក្តី នៅ​ពុំទាន់​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​សាងសង់​ស្តូប​នេះ​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ឯកភាពគ្នា​ឲ្យ​សង់​ស្តូប​នេះ​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​ស្វែងយល់​ពី​ការពិត​ក្នុង​របប​ខ្មែរក្រហម កាលពី​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​១៩៧៥​ថែមទៀត​»​។​