ក្រសួងសុ​ខាភិបាល​អំពាវនាវឱ្យប្រជា​ពលរដ្ឋទាំងអស់​រក្សាភាពនឹងនរក្នុងចិត្តនិងសូមកុំមា​នការភ័យខ្លាចជឿជា​ក់លើវិធា​នការប្រយុទ្ធនឹ​ងជំងឺកូវីដ-១៩​របស់​រាជរដ្ឋាភិ​បាល


លោកស្រីឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រក្សាភាពនឹងនរ​ក្នុងចិត្តនិងសូមកុំមានការភ័យខ្លាចព្រមទាំងជឿជាក់លើវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានមានប្រសាសន៍ថាករណី​ឆ្លងជំងឺ Covid-19 ទាំងអស់នេះ គឺជាករណីនាំចូលហើយអ្នកដែលរកឃើញករណីឆ្លងជំងឺ Covid-19 នោះរួមមាន៖នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង កំពត ត្បូងឃ្មុំ កំពង់ឆ្នាំង កោះកុង និងខេត្តកែបជាដើម។

លោកស្រីបានបញ្ជាក់ថាបច្ចុប្បន្ន​អ្នកទាំងអស់នោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល។

លោកស្រីបានបន្ថែមថា ករណីឆ្លងជំងឺ Covid-19 នៅកម្ពុជាបានកើនឡើងដល់ចំនួន៣៥នាក់ហើយ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២​ករណីថែមទៀតនៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០​នោះ។

ទន្ទឹមនេះកម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀតនៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ដែលធ្វើឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើន ដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។ បន្ទាប់ពីមានការកើនឡើងចំនួនអ្នកវិជ្ជមាន Covid-19នៅក្នុងប្រទេសរហូតដល់៣៥​នាក់នោះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង និងណែនាំ ព្រមទាំងចាត់វិធាន​ការ​ ការ​ពារផ្សេងៗជាបន្តបន្ទាប់ ដើម្បីចៀសវាងការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុង​សហគមន៍ ដូចជា ការបិទ KTV រោងភាពយន្ត ក្លិបកម្សាន្ត សារមន្ទីរ នៅទូទាំង​ប្រទេស។ ទន្ទឹមនឹងនេះ ក៏បានប្រកាស​បិទជាបណ្តោះអាសន្ននូវការជួបជុំបែប​សាសនាគ្រប់​ប្រទេសទាំង​អស់ផ្អាកការ​ប្រគំតន្ត្រីនៅតាមទីធ្លាសាធារណៈដែលមានមនុស្សច្រើន​កុះករ​ចូល​រួមផងដែរ។ល។ ជាមួយ​នេះផងដែរ ក្រសួងសុខាភិបាលក៏នឹងសហការជាមួយរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីប្រើ​ប្រាស់​សណ្ឋាគារ Great DUKE (អតីតសណ្ឋាគារអាំង​ទែកុង​ទីណង់តាល់)ជាមន្ទីរពេទ្យសម្រាប់​ពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺ Covid-19។ល។ រាជរដ្ឋាភិបាលក៏បានចេញសារាចរ​ណែនាំ​ដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់។ប្រសិនបើមិនមានការចាំបាច់បំផុតដែល​ខានពុំបាន។ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំង​អស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវ​អនុញ្ញាតឱ្យមន្ត្រីរាជការបុគ្គលិកគ្រប់​លំដាប់​ថ្នាក់ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅ​កាន់​បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។ ក្នុងករណីចាំបាច់ខានមិន​បាន​ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូល​រួមប្រជុំ នៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួង​ស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើសំណើ​ទៅកាន់ក្រសួងការបរទេសនិងសហប្រតិបត្តិ​ការ​អន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំ​នៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឱ្យ​ចូលរួម​ជំនួស។ ក្រៅពីនេះ ចំពោះមន្ត្រីរាជការ និងប្រជា​ពល​រដ្ឋ​កម្ពុជាទាំងឡាយណាដែល​ទើបវិល​ត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យ​នៅដាច់ដោយ​ឡែកក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែល​បាន​ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញស្របតាមនីតិវិធីកំណត់ដោយក្រសួង​សុខាភិបាល។សូម​ជំរាប​ជូន​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៨ មីនា​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ សរុប​ចំនួន ៣៥​ករណី​ហើយ ដោយ​ក្នុង​នោះ ៣៤ករណី ជា​ករណី​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស និង ០១ករណី ជា​ករណីប៉ះ​ពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​ជនជាតិ​ជប៉ុន​នៅ​ក្នុង​ខេត្តសៀមរាប។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ១៨ មីនានេះថា កម្ពុជា​ពេល​នេះ ពុំ​ទាន់​រក​ឃើញ​ភ័ស្តុ​តាង​បញ្ជាក់ថា មាន​ការ​ឆ្លង​ក្នុងសហគមន៍​នៅ​ឡើយ​ទេ តែ​លទ្ធភាព​អាច​នឹង​កើត​មាន​ឡើង។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ជំហាន​ថ្មី​របស់កម្ពុជា​ពេល​នេះ គឺ​ត្រូវ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ចម្លង​នៅ​ក្នុង​សហគមន៍។ ហើយ​ជា​វិធានការ ដើម្បី​ទប់​ស្កាត់ការ​ចម្លង​នៅ​ក្នុង​សហគមន៍​នេះ លោកស្រី​វេជ្ជបណ្ឌិត ហាម​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នាច្រើន។ជាពិសេសជាមួយអ្នក​ដែល​មាន​ប្រវត្តិ​ទើប​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស។សូមបញ្ជាក់ថា ក្នុង​ចំណោម​៣៥​ករណី​ដែល​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​នេ រួម​មាន ជន​បរទេស​សរុប​១៣​នាក់ ក្នុង​នោះ ជនជាតិ​ចិន១នា​ក់ អង់គ្លេស ៣នាក់ បារាំង​២នាក់ កាណាដា​១នាក់ ប៊ែលហ្សិក​១នាក់ និង​ម៉ាឡេស៊ី​ចំនួន​៥នាក់។ ក្រៅ​ពី​នេះ មាន​ជន​ជាតិ​ខ្មែរ​២នាក់ និង​ជនជាតិ​ខ្មែរ​ឥស្លាមសរុប​ចំនួន​២០​នាក់។ក្នុង​ចំណោម​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ខា​ង​លើ​នេះពួក​គេ​សុទ្ធ​តែ​មាន​ប្រវត្តិ​ធ្វើ​ដំណើរមក​ពី​ក្រៅ​ប្រទេស មុន​នឹង​រក​ឃើញ​មាន​ផ្ទុក​ជំងី​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​លែង​តែ​មួយ​ករណីនៅ​ក្នុង​ខេត្ត​សៀមរាបដែល​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៨ឆ្នាំបាន​ឆ្លង​ផ្ទាល់​ពី​បុរស​ជនជាតិ​ជប៉ុន​ផ្ទុក​ជំងឺ​កូវីដ១៩​៕