ប្រទេសឥណ្ឌូណេស៊ី បិទព្រំដែនដីគោកជាមួយប្រទេសម៉ាឡេស៊ី


ខេត្ត West Kalimantan របស់ប្រទេសឥណ្ឌូណេស៊ី បានបិទព្រំដែនគោកជាមួយរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ។

យោងតាមការិយាល័យដឹកជញ្ជូននៃខេត្ត West Kalimantan បានឱ្យដឹងថា ខេត្តនៃប្រទេសឥណ្ឌូ-ណេស៊ីមួយនេះ បានបិទទ្វារឆ្លង​កាត់ព្រំដែនជាបណ្តោះអាសន្នចំនួន ៣ ជាមួយរដ្ឋ Sarawak។

រដ្ឋបាលរបស់ខ្លួនបានផ្អាកការដឹកជញ្ជូនតាមរថយន្តក្រុងនៅតាមផ្លូវទៅកាន់ប្រទេសម៉ាឡេស៊ី និងព្រុយណេ ដោយខ្លាចមានការ​រីករាលដាលនៃជំងឺរាតត្បាតនេះ។

ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបញ្ឈប់គោលនយោបាយលើកលែងទិដ្ឋាការរបស់ខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសទាំងអស់ សម្រាប់រយៈពេលមួយខែ នឹងពង្រីកការរឹតបន្តឹងសម្រាប់អ្នកដែលបានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៃពិភពលោកដែលរងគ្រោះ​ធ្ងន់ធ្ងរបំផុតដោយការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេស។

យោងតាមក្រសួងការបរទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការផ្អាកនេះនឹងអនុវត្តន៍ទៅលើការលើកលែងសម្រាប់ការស្នាក់នៅ​រយៈពេលខ្លី ទិដ្ឋាការពេលមកដល់ នឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការការទូត ព្រមទាំងការរឹតបន្តឹងការធ្វើដំណើរថ្មីៗ ដែលនឹងចូលជា​ធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០។

ឥណ្ឌូណេស៊ីក៏បានរក្សាការរឹតត្បិតការធ្វើដំណើរ សម្រាប់អ្នកដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន និងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដូចជានៅសាធារណរដ្ឋកូរ៉េ គឺទីក្រុង Daegu និងទីក្រុង Gyeongsangbuk-do ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសអំពីករណីជំងឺ COVID-19 ចំនួន ២២៧ករណី ដែលមានអ្នកស្លាប់​ចំនួន ១៩នាក់។ ទន្ទឹមនឹងនេះដែរ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងចំនួន ៧៩០ករណី៕