រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងអនុវត្តវិធានការបង្ការវីរុសកូវីត១៩


រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងអនុវត្តវិធានការបង្ការវីរុសកូវីត១៩ ខណៈជម្ងឺនេះនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តក្រចេះ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យឱ្យបានល្អ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការចម្លងជំងឺកូវីត១៩នេះ។

ប្រភពដដែលបានបញ្ជាក់ថា ពេលជួបស្វាគមន៍គ្នា គឺត្រូវប្រើដៃសំពះតាមរបៀបខ្មែរ ជៀសវាងការចាប់ដៃ,ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលលាងដៃឲ្យបានញឹកញាប់ នៅពេលដែលកខ្វក់ បន្ទាប់ពីក្អក ឬកណ្ដាស់ មុនពេលកំឡុងពេលនិងបន្ទាប់ពីរៀបចំអាហារ មុនពេលបរិភោគ ក្រោយពេលបន្ទោរបង់ ឬបន្ទាប់ពីប៉ះពាល់សត្វ ឬលាមកសត្វ,បើមានបញ្ហាសុខភាពពិសេសមានរោគសញ្ញាណាមួយ ដូចជាគ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស ពិបាកដកដង្ហើម ត្រូវទៅព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតនឹងនៅឆ្ងាយពីអ្នកដទៃយ៉ាងតិច ១ ម៉ែត្រកន្លះ និងត្រូវពាក់ម៉ាស, នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់និងច្រមុះ ដោយប្រើកន្សែង ក្រម៉ា កែងដៃ ឬក្រដាស រួចបោះក្រដាសចូលក្នុងធុងសំរាម ហើយលាងសម្អាតដៃ, ប្រសិនបើទើបនិងមកពីបរទេស ឬបានប៉ះពាល់អ្នកជំងឺកូវីត១៩ ក្នុងកំឡុងពេល១៤ ថ្ងៃ ទោះបីជាគ្មានរោគសញ្ញាអ្វីក៏ដោយ ត្រូវតែមកពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ត្រូវនៅឲ្យឆ្ងាយពីអ្នកដទៃយ៉ាងតិច១ ម៉ែត្រកន្លះ និងត្រូវពាក់ម៉ាស។

សូមបញ្ជាក់ថា គិតមកដល់ ថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២០ នៅក្នុងប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីតចំនួន ៣៧នាក់ ចំណែកឯនៅក្នុងខេត្តក្រចេះ គ្មានអ្នកជម្ងឺកូវីត១៩ទេ៕