លោក​អភិបាលខេត្ត និង​លោក​ឧបនាយករដ្ឋមន្ត្រី ដោះស្រាយ​សំណូមពរ​បន្ទាន់​របស់​ពលរដ្ឋ ស្រុក​មាំ​ឡៃ​


បន្ទាយមានជ័យ: ​ឯកឧត្តម អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ដោះស្រាយ​បន្ទាន់ នូវ​សំណើ​ធំៗ យ៉ាងហោច ៤ របស់​ពលរដ្ឋ លោកគ្រូ អ្នកគ្រូ នៅ​សហគមន៍ ភូមិ​អូរ​កេស ឃុំ​ទួល​ពង្រ និង​នៅ​ភូមិ​-​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ។​

​ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ក្រុមការងា បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដោយ បាន​ជួប​សំណេះសំណាល និង​ដោះស្រាយ​បញ្ហា​របស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា ភូមិ​អូរ​កេស ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​ដោយ​ពិនិត្យឃើញ​នូវ​ស្ថានភាព លំបាក​ជាក់ស្តែង​មែន ហើយ​សំណូមពរ របស់​ប្រជាពលរដ្ឋ និង​លោកគ្រូ សិស្ស​ទាំងនោះ ពិតជា​បម្រើ​សេចក្តីត្រូវការ បម្រើ​ជីវភាព បម្រើ​សេចក្តី​សុខទុក្ខ​បងប្អូន ដូចដែល​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នោះ លោក សួន បវរ បានផ្តល់​ការដោះស្រាយ​បញ្ហា​នេះ​បន្ទាន់​មួយ ចំនួន​រួមមាន​៖

១-​ ផ្តល់​ការសាងសង់​អគារសិក្សា ១​ខ្នង ស្មើ​៦​បន្ទប់ ធ្វើ​ពី​បេតុង ប្រក់​ក្បឿង ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំនួស​អគារសិក្សា​តូច សង់​ពី​ឈើ ចាស់​ទ្រុឌទ្រោម ធ្លុះធ្លាយ ខូចខាត​ធ្ងន់ធ្ងរ របស់​សាលារៀន​បឋមសិក្សា​អូរ​កេស នេះ​។

២.​ជួយ​សាង​សង់ផ្ទះ​គ្រូ ១ ខ្នង ស្មើ ៣​បន្ទប់ នៅ​អនុវិទ្យាល័យ តា​គង់ ឃុំ​តា​គង់ ជា​អំណោយ​ផ្ទាល់​របស់ លោក សួន បវរ ។​
៣. ​ជួយ​ជួសជុល ផ្លូវលំ​ក្រាល​ក្រួស ១​ខ្សែ ប្រវែង ៣.០០០​ម៉ែត្រ នៅក្នុង​ភូមិ​អូរ​កេស សម្រាប់​សម្រួលការ​ធ្វើដំណើ​រ ដឹកជញ្ជូន​កសិផលរ​បស់​ប្រជាពលរដ្ឋ​។
៤.​បានផ្តល់​ម៉ាស៊ីនបូមទឹក​១​គ្រឿង​ដល់​សាលារៀន​អូរ​កេស​។​

​ ខណ​:​ចុះ​ផ្ទាល់​នោះ អភិបាលខេត្ត បាន​ឧបត្ថម្ភ​ជា​អំណោយ ដល់​ប្រជាពលរដ្ឋ ចូលរួម​ទទួល និង​ស្តា​ប់លោក ចំនួន​១៦៣ នាក់ ក្នុង​១​នាក់ សារុង លោកគ្រូ អ្នកគ្រូ​អូ​កេស ៤​នាក់ ក្នុង​១​នាក់ សារុង​១ ថវិកា ២ ម៉ឺន​រៀល សិស្សានុសិស្ស ១១៥ នាក់ ក្នុង​១​នាក់ ទទួលបាន​ប៊ិច ២​ដើម សៀវភៅ​៥​ក្បាល ថវិកា ២ ពាន់​រៀល ប្រជាពលរដ្ឋ​ក្រីក្រ ១២​នាក់ ក្នុង​១​នាក់ ថវិកា ៥ ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ មួយចំនួន លោកគ្រូ អ្នកគ្រូ ចូលរួម ១៩​នាក់ និង​ប្រជា​ការពារ​ក្នុង​១​នាក់ សារុង​១ ៕