អគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែងចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តរនគិរី និងជម្រាបលាក្នុងឱកាសដែលបញ្ចប់អាណត្តិ


(រតនគីរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានទទួលជួបជាមួយឯកឧត្តម Vilavong Virravong អគ្គកុងស៊ុលឡាវ​ប្រចាំខេត្តស្ទឹងត្រែង​ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិជាស្ថានកុងស៊ុលប្រចាំខេត្តស្ទឹងត្រែង។

មានប្រសាសន៍ថ្លែងពិធីសំណេះសំណាលនេះ ឯកឧត្តម​ អគ្គកុល​ស៊ុលឡាវ បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តរតនគិរី នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមគ្នានេះឯកឧត្តមបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តរតនគិរី ព្រមទាំងសហការដែលរយៈពេលជាង០៤ឆ្នាំក្នុងអាណត្តិរបស់ឯកឧត្តមមានការសហការល្អ និងការជួយជ្រោមជ្រែងការងាររហូតទទួលបានជោគជ័យ ពីថ្នាក់ដឹកនាំខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមបានសម្តែងនូវការអរគុណ និងចងចាំទុកជានិច្ចចំពោះការស្រលាញ់រាប់អានរបស់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមក។ ទោះបីបានបញ្ចប់បេសកកម្មទៅវិញក្តីតែឯកឧត្តមចងចាំជានិច្ច ចំពោះទំនាក់ទំនងល្អ ការសាមគ្គីភាពល្អរវាងខេត្តជាប់ព្រំប្រទល់ និងក្នុងតំបន់តែមួយ ហើយជឿជាក់ថាការដឹកនាំរបស់អភិបាលខេត្តរតនគិរី​ នឹងបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌កាន់តែល្អប្រសើរឡើងថែមទៀត៕