ព្រឹកថ្ងៃនេះក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន មកដល់រាជធានីភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩


(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ក្រុមគ្រូពេទ្យទាំងអស់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕