សម្ភារៈពេទ្យដែលមិត្តចិននាំមកជួយកម្ពុជា មានភ្ជាប់ពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជានៅម៉ោងប្រមាណ៨៖៣០នាទី ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។

ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។

កម្ពុជា គឺជាប្រទេសដែលមានមេដឹកនាំក្លាហាន ហ៊ានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនមុនគេបង្អស់ ចាប់តាំងពីប្រទេសនេះបានផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឲ្យពិភពលោកមានការខ្លាចរអា។

គិតរហូតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កុម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយក្នុងនោះមាននារី ២១នាក់ និងបុរស៦៣នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺនេះមានជនជាតិខ្មែរចំនួន៣៣នាក់ និងបរទេស៥១នាក់ ខណៈមានមនុស្សពីរនាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ៕