ព្រឹទ្ធសភា នីតិកាលទី៤ បើកប្រជុំជាវិសាមញ្ញពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦


ព្រឹកថ្ងៃច័ន្ទ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ
២០២០ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន៥២រូប និងមានរបៀបវារៈ៖
របៀបវារៈទី១: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
របៀបវារៈទី២: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ។
របៀបវារៈទី៣: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ។
របៀបវារៈទី៤: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន ។
របៀបវារៈទី៥: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
សន្និសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
របៀបវារៈទី៦: ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
សន្និសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
តំណាងរាជរដ្ឋាភិបាលដែលត្រូវបានចាត់់ឲ្យអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង៦នេះរួមមាន៖
– ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដោយសហការីចំនួន១៦រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១) ។
– ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការីចំនួន៦រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី២និងទី៣)។
– ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការីចំនួន៥រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៤)។
– ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការីចំនួន៨រូប(សេចក្តីព្រាង
ច្បាប់ក្នុងរបៀបវារៈទី៥និងទី៦)។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការជំនាញពាក់ព័ន្ធស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៦ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកអង្គប្រជុំ និងការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៦ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥២សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល…។