អភិបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ ទើបមកពីក្រៅប្រទេស រស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដាន COVID-19


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងនា រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការ ដើម្បីដាក់ចេញវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១៣ ហើយបើទោះបីជាខេត្ត ស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័កដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្ត។

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត អភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងសណ្ឋាគារវ៉ៃ និងផ្ទះសំណាក់ស្វាយរៀងដែលគ្រោងនឹងប្រើប្រាស់ជាទីកន្លែងត្រៀមបម្រុង ទុកសម្រាប់ការពិនិត្យ ព្យាបាលជំងឺកូវីត-១៩ ផងដែរ៕