ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារចូលរួមសហការជាមួយក្រុមគ្រូពេទ្យចត្តាឡីស័ក សម្របសម្រួលវាស់កំដៅ ពិនិត្យសុខភាព និងចែកម៉ាសជូនបងប្អូនពលករកម្ពុជាដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា ថៃ ខេត្តប៉ៃលិន


ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យចត្តាឡីស័ក ចុះសម្របសម្រួល ចែកម៉ាស់ ពិនិត្យសុខភាព និងវាស់កំដៅជូនបងប្អូនពលករកម្ពុជាដែលបម្រើការងារនៅប្រទេសថៃត្រឡប់មកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា ថៃ ខេត្តប៉ៃលិន ។

ក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលមកដល់ស្រុកកំណើតវិញត្រូវរក្សាខ្លួនឱ្យនៅដាច់ពីបងប្អូន ញាតិមិត្ត រយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងវីរុស Covit_19 ក្នុងករណីបើបងប្អូនមានការឆ្លងវីរុសនេះដោយមិនដឹងខ្លួនពីប្រទេសថៃ ដែលបងប្អូនបានរស់នៅប្រកបរបររកទទួលទានកន្លងមក។ ម្យ៉ាងទៀតក្នុងរយ:ពេលនេះបើបងប្អូនមានអាការ: ក្តៅខ្លួន ក្អក ពិបាកដកដង្ហើមខុសពីធម្មតា សូមទំនាក់ទំនងមកក្រុមការងាររបស់លោកជំទាវបណ្ឌិតតំណាងរាស្រ្ត ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីបានបញ្ជូនពុកម៉ែបងប្អូនមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ធ្វើការពិនិត្យព្យាបាលជូនដោយឥតគិតថ្លៃ។

ឯកឧត្តមបន្តថា យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងវីរុសគូវីដ១៩ ដែលជាមេរោគដ៏កាចសាហាវកុំឱ្យមានវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចរស់នៅស្អាត បរិភោគស្អាត ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុលជាប្រចាំ ដើម្បីបង្ការការពារឲ្យជៀសចាកឆ្ងាយពីការឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕

ដោយក្នុងប្រតិបត្តិការរួមចំណែកប្រយុទ្ធប្រឆាំងវីរុសគូវីដ១៩នេះមានការចូលរួមពី យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន (ស.ស.យ.ក.) និងយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះចែកម៉ាស់និងវាស់កំដៅជូនបងប្អូនពលករកម្ពុជាដែលបានឆ្លងកាត់តាមច្រកទ្វារអន្តរ ជាតិព្រំដែនខេត្តប៉ៃលិន នៅមុនពេលវិលត្រឡប់ទៅតាមលំនៅដ្ឋានវិញសូមប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថារហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ខេត្តប៉ៃលិននៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់បានឆ្លងវីរុសគូវីត19 ឡើយ។