អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យទីតាំងត្រៀមលក្ខណៈជាមុន សម្រាប់ព្យាបាលអ្នកឆ្លង COVID-19 ខណៈខេត្តនេះមិនទាន់មានអ្នកឆ្លងឡើយ


(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រមូលមន្រ្តីទូទាំងខេត្តប្រជុំបន្ទាន់ជាលើកទី២ និងចុះពិនិត្យមើលទីតាំងអគារស្នាក់នៅ ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកមេរោគ COVID-19។

ឯកឧត្តម សុខ លូ បានថ្លែងថា ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងដោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែល COVID-19 ផ្ទុះឡើង។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ រហូតមកដល់ពេលរសៀលនេះ មិនទាន់មានករណីសង្ស័យ ឬផ្ទុក COVID-19 នោះទេ តែទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងមន្ទីរជំនាញ និងសមត្ថកិច្ច សហការគ្នា សម្រាប់ត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលរួចរាល់ហើយ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ធំបានរៀបចំទីតាំង ៤ កន្លែងសម្រាប់ទុកដាក់អ្នកដែលឆ្លងនិងផ្ទុកអ្នកជំងឺ COVID-19 ក្នុងនោះមានសណ្ឋាគារស្ទឹងសែនមានចំនួន ៣០ បន្ទប់, សណ្ឋាគារមិត្តភាពមានចំនួន ៣០ បន្ទប់, ផ្ទះសំណាក់ ទង់ គឹមឡា មានចំនួន ៦៣ បន្ទប់, និងសាលារៀនមួយកន្លែងគឺ វិទ្យាល័យកំពង់ធំ ៣០ បន្ទប់, និងអាគារធនធានមួយខ្នងសម្រាប់ដាក់គ្រូពេទ្យជួយសង្គ្រោះ។

គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ នេះបើតាមទិន្នន័យ របស់ក្រសួងសុខាភិបាល៕