សម្តេចក្រឡាហោម ស ខេង អះអាងថា រហូតដល់ពេលនេះ ពលករខ្មែរនៅប្រទេសថៃ១៥០០០នាក់ បានត្រឡប់មកកម្ពុជាវិញ ហើយអ្នកខ្លះមិនបានពិនិត្យសុខភាពឡើយ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះ មានពលករខ្មែរប្រមាណ១៥០០០នាក់ បានត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីទទួលដំណឹងថា ប្រទេសថៃមានគម្រោងបិទព្រំដែន ហើយក្នុងចំណោមនោះ ក៏មានពលករមួយចំនួនពុំបានពិនិត្យសុខភាពផងដែរ។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃមេរោគ COVID-19។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសថៃ បានត្រឡប់មកដល់កម្ពុជាវិញ មានចំនួនប្រមាណ១៥០០០នាក់ហើយ»

សម្តេចបានបញ្ជាក់ផងដែរថា៖ «ដល់ពេលពួកគាត់ (ពលករខ្មែរ) មកអញ្ចឹងទៅ និយាយតាមការជាក់ស្តែង គឺថាយើងអត់មានលទ្ធភាពត្រួតពិនិត្យអស់ទេ ហើយយើងក៏អត់មានលទ្ធភាពដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ មានតែត្រួតពិនិត្យ ហើយធ្វើបញ្ជីស្នាម មុខសញ្ញាហ្នឹងនៅទីណាខ្លះ ស្រុកភូមិ ខេត្តនៅណា ដើម្បីបញ្ជូនទៅខេត្តសាមី គ្រប់គ្រងបន្ត។ នេះជាវិធានការដែលយើងបានធ្វើ»

មូលហេតុនៃការវិលត្រឡប់របស់ពលករខ្មែរ ដោយសារតែពួកគាត់មិនមានការងារធ្វើនៅប្រទេសថៃ។ សម្តេចបញ្ជាក់ថា តាមព័ត៌មានដែលសម្តេចទទួលបាន គឺនៅប្រទេសថៃ មានការបិទការដ្ឋានការងារមួយចំនួន ខារ៉ាអូខេ អូតែល ភោជនីយដ្ឋាន ហាងកាត់សក់ ហាងចាក់សាក់ជាដើម។ សូម្បីប្រជាជនថៃ ក៏គាត់ក៏មិនដឹងទៅណា ព្រោះអត់ការងារធ្វើ ណាមួយខ្លាចជំងឺឆ្លងនៅបាងកក ក៏ចែកផ្លូវគ្នាតាមជនបទ។ ចំណែកពលករខ្មែរនៅបាងកក​មានអារម្មណ៍ដូចគ្នា។

សម្តេចបានលើកឡើងថា សម្តេចបានសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីមានវិធានការនៅតាមភូមិឃុំ ស្របពេលដែលពលករទាំងនោះត្រឡប់ទៅកាន់ស្រុកកំណើត ហើយសម្តេចតេជោ ហ៊ុន សែន បានឯកភាពខ្ពស់ ឱ្យខេត្តបន្តគ្រប់គ្រងមុខសញ្ញា ដែលទៅវិញ ដោយជំរុញឱ្យពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃ ហើយកុំឱ្យពួកគាត់ប៉ះអ្នកជិតខាង។

សម្តេចបានបន្តថា បើសិនបើរកឃើញមាននរណាក្នុងចំណោមពលករទាំងនោះមានជំងឺកូវីដ១៩ នឹងមានវិធានការមួយចំនួន ដើម្បីការពារកុំឱ្យគាត់ចម្លងទៅអ្នកដទៃទៀត ដូចជាឱ្យគាត់នៅផ្ទះ មិនឱ្យប្រាស្រ័យទាក់ទងជាមួយអ្នកភូមិដទៃ ហើយបើសិនជារាលដាលដល់ភូមិឬឃុំមួយ គឺមិនអនុញ្ញាតឱ្យពួកគាត់ធ្វើចរាចរទៅភូមិផ្សេងទេ។ សម្តេចអះអាងថា ក្រសួងបានចាត់វិធានការ និងផ្សព្វផ្សាយអំពីបញ្ហានេះ តាំងពីម្សិលមិញមកម្ល៉េះ៕