បុរស​ជនជាតិខ្មែរ ២​នាក់​ទៀត នៅ​ខេត្ត​ត្បូងឃ្មុំ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ហើយ​!


(​ខេត្ត​ត្បូងឃ្មុំ​)៖ ក្រុមគ្រូពេទ្យ​ជំនាញ បាន​យក​វត្ថុ​សំណាក​វិភាគ​របស់​អ្នក​ផ្ទុកមេរោគ កូ​វីដ ១៩ ចំនួន ០៤​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ យកទៅ​ធ្វើការ​ពិសោធន៍ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃទី​២៤​មីនា​នេះ មាន​អ្នកជំងឺ ចំនួន ០២​នាក់ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន ពោលគឺ​បានជា​សះស្បើយ ដោយ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ទៀត​ទេ ក្រោយពី​ធ្វើតេស្ត ចំនួន ០២​លើក រួចមក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ដែល Swift News ទទួលបាន បង្ហាញថា បុរស​ខ្មែរ​ទាំងពីរ​នាក់ ដែល​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ក្រោយ​ធ្វើតេស្ត ២​លើក រួចមក​នេះ ម្នាក់​អាយុ ៥៦ ឆ្នាំ រស់នៅ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ម្នាក់ទៀត អាយុ ៥៣​ឆ្នាំ រស់នៅ​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា «​ការពិសោធន៍​លើ​អ្នកជំងឺ​ទាំងពីរ​នេះ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​ដូចគ្នា ចំនួន ២​លើក​។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​ជំនាញ បានអនុញ្ញាត​ឲ្យ​ពួកគាត់ វិល​ត្រលប់​ទៅ​គេហដ្ឋាន​របស់ខ្លួន​វិញ​ហើយ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៣​មីនា​ម្សិលមិញ មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ ក៏បាន​ប្រកាស​ពី​ការ​ជាសះស្បើយ ដោយ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ទៀត​ទេ លើ​បុរស​ខ្មែរ ២​នាក់​។ ដូច្នេះ គិត​ត្រឹម​រសៀល ថ្ងៃទី​២៤​មីនា​នេះ មាន​អ្នកជំងឺ​កូ​វីដ ចំនួន ៦​នាក់​ហើយ បានជា​សះស្បើយ ក្នុងនោះ រួមមាន​៖ បុរស​ខ្មែរ ២​នាក់ នៅ​ខេត្តព្រះវិហារ និង​បុរស​ខ្មែរ ២​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ រួមទាំង​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ បញ្ជូន​មកពី​ខេត្តកំពង់ចាម មក​សម្រាក​ព្យាបាល នៅ​ភ្នំពេញ​។​

​កាលពី​យប់​ថ្ងៃទី​២៣​មីនា ក្រសួងសុខាភិបាល បានប្រកាសថា នៅ​កម្ពុជា​យើង មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៨៧​នាក់ ក្នុងនោះ មាន​ខ្មែរ​យើង ៣៥​នាក់​៕