សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រទេសក្រ តែចិត្តធំ រាល់អ្នកកើតជំងឺកូវីដ១៩លើដីកម្ពុជា ត្រូវទទួលបានការព្យាបាលដោយមិនបង់ថ្លៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា បើទោះបីជាប្រទេសកម្ពុជាក្រក៏ពិតមែន ប៉ុន្តែកម្ពុជាមានទឹកចិត្តធំ រាល់ការព្យាបាលអ្នកកើតជំងឺកូវីដ១៩ លើទឹកដីកម្ពុជា មិនត្រូវបានគិតប្រាក់ទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំប្រកាស យើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល។ នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជាប្រទេសមួយក្រ សុំប្រកាសថា ជនជាតិបរទេសដែលឈឺ [កូវីដ១៩] ក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបង់ថ្លៃ នេះជាគោលនយោបាយរបស់យើង»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា ការព្យាបាលជំងឺដល់ជនបរទេសដែលកើតជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ និងការជាការងារមនុស្សធម៌ សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យដល់ក្រុមគ្រួសារពេទ្យកម្ពុជា សូមមើលថែទាំអ្នកជំងឺកូវីដ១៩ឲ្យបានល្អ ពិសេសយកចិត្តទុកដាក់ ចំពោះអាហារសម្រាប់ជនបរទេស ដែលខុសប្លែកពីម្ហូបអាហារ របស់ប្រជាពលរដ្ឋក្នុងស្រុក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕