ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់លើបំណុល ទោះបីជា លន់ នល់ ខ្ចីលុយអាមេរិកទិញគ្រាប់បែកមកទម្លាក់លើប្រជាជនកម្ពុជាឲ្យ ស្លាប់រាប់សែននាក់ក៏ដោយ ប៉ុន្តែការបង្ករវិនាសកម្ម ហើយទាមទារឲ្យសងបំណុលបែបនេះ វាជាអំពើអសីលធម៌ណាស់ សម្រាប់ប្រទេសមហាអំណាចមួយនេះ។
ឯកឧត្តម សុខ ឥសាន លើកឡើងបែបនេះ បន្ទាប់ពីលោក វីល្លៀម ហៃដ្ដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងនៅក្នុងវេទិកាតុមូល នាស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា សហរដ្ឋអាមេរិកមិនដែលបានពិចារណា ចំពោះការលុបចោលបំណុល ដែលកម្ពុជាជំពាក់នោះទេ។
ឯកឧត្តម សុខ ឥសាន ថ្លែងថា តាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ពិតជាទទួលស្គាល់ហើយរឿងបំណុល។ ទោះបីជាបំណុលនោះត្រូវបាន លន់ នល់ ខ្ចីពីអាមេរិក ទិញគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជាឲ្យស្លាប់រាប់សែននាក់ក៏ដោយ ប៉ុន្តែបញ្ហាសីលធម៌ ក៏គួរអាមេរិកមើលឃើញផងដែរ ដែលអាមេរិកជាប្រទេសមហាអំណាច ហើយបានបង្កវិនាសកម្មនៅកម្ពុជា បែរជាទាមទារឲ្យអ្នករងគ្រោះសងបំណុលទៅវិញ ដូច្នេះវាជាបញ្ហាអសីលធម៌ខ្លាំងណាស់។
ឯកឧត្តមបញ្ជាក់ថា “រឿងបំណុលសហរដ្ឋអាមេរិកនេះ ខ្ញុំយល់ថា វាជាអំពើអយុត្តិធម៌សម្រាប់កម្ពុជាខ្លាំងណាស់ ដែលលុយនោះ គឺជាគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជា វាជាបញ្ហាមួយគួរឲ្យខកចិត្តខ្លាំងណាស់ បើសិនជាគាត់មានចេតនាមិនលុបចោលបំណុលនេះ”។