សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
របៀបវារៈទី១: ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិនគ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី២: ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុនហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ សៀមរាបខាងកើត។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី៣: ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុនហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព២៦៥មេហ្គាវ៉ាតខេត្តឧត្តរមានជ័យ។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជា
សមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឲ្យព្រឹទ្ធសភា ពិនិត្យ និងឲ្យយោបស់លើ
សេចក្តីព្រាងច្បាប់ទាំង៣ខាងលើ់ ដោយចាត់ទុកជាការប្រញាប់ ហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា ហើយដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ…អង្គប្រជុំក៏បានអនុម័តជាឯកច្ឆ័ន្ទយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សា
ដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការ
អចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ដើម្បីរៀបចំជារបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃខាងមុខ…៕