អភិបាលរាជធានីភ្នំពេញ៖ ឧបត្ថម្ភថវិកា២លានរៀលជូនសមាគមតន្ត្រីសំនៀងជនពិការ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ


(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បាននាំនូវថវិកា របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់សមាគមន៍សំនៀងតន្ត្រីជនពិការ របស់លោក ចាប តូ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងការទូទាត់ចំណាយ អគ្គិសនី និងការប្រើប្រាស់ទឹក និងតំរូវការចាំបាច់ផ្សេងៗ។

ជាមួយគ្នានេះ លោកស្រីប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីឯកឧត្តម ឃួង ស្រេង ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃ ឲ្យបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បីសុខភាពបងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ថវិការបស់ឯកឧត្តមអភិបាលរាជធានី យកមកឧបត្ថម្ភនាពេលនេះ ចំនួន២,០០០,០០០រៀល។

លោក ចាប តូ ប្រធានសមគមតន្ត្រីសំនៀងជនពិការ បានឲ្យដឹងថា សមាគមរបស់លោក បានចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្នុងគោលដៅ ប្រមូលផ្តុំជនពិការ ដើម្បីបណ្តុះបណ្តាល ជំនាញបំណិនជីវិត ដូចជា ជំនាញដូរតន្ត្រី រៀនអក្សរព្រាល និងជំនាញ ម៉ាស្សា ដៃទេព។

លោកបន្តថា សព្វថ្ងៃនេះ សមាគមក៏ដូចជាបងប្អូនជនពិការទាំងអស់ ដំណើរការ និងរស់រានបានអាស្រ័យ ដោយបងប្អូនទាំងអស់ ទៅប្រកបរបរប្រគុំតន្ត្រី នៅគ្រប់ទីកន្លែងនានា តាមការជួលរបស់អតិថិជន។

ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោតសរសើរ ចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរសុំទាន ដូចជនពិការផ្សេងទៀត។

លោកស្រី មុំ ចាន់ដានី បានស្នើឲ្យសមាគម ត្រូវចេះថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃជាមួយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19)។

សូមរំលឹកថា កន្លងមកសមាគមជនពិការ ខាងលើនេះ ត្រូវបានឯកឧត្តមអភិបាលរាជធានី តាមរយៈលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញតែងតែ នាំយកផ្តល់អំណោយផ្តល់ឲ្យជាបន្តបន្ទាប់ ជាពិសេសលោកបានឧបត្ថម្ភ នូវថវិកាជារៀងរាល់ខែផងដែរ៕