សម្ដេចហ៊ុន សែនស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងជំងឺ​ឆ្លងកូវីដ-១៩​ទាំងអស់គ្នា


សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន បានសរសេរថា កម្ពុជាចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ហើយ​សូម​បងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ដេចបាន​លើកឡើងថា គ្រប់គ្នាត្រូវចងចាំថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លង ដ៏កាចសហាវដែលយើង​មិនអាច​មើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែវិធីងាយៗមួយចំនួន អាចជួយទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនេះបាន។ សម្ដេចបានបន្ដថា សូមទម្លាប់យកជាប់ជាមួយខ្លួន ដោយដាក់តាម​ហោប៉ៅ ឬដាក់កាបូបការងារ និងតាមរថយន្ត នូវដបទឹកថ្នាំជែលសម្លាប់មេរោគបាក់តេរី (Hand Sanitizer) ឬដបទឹកអាល់កុល ម៉ាស ឬក្រមា ជាប់តាមខ្លួន ឬជាប់ក្នុងរថយន្ត។

សម្ដេច​ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូម​ឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ​ជា​មួយសាប៊ូ ឬទឹកថ្នាំជែលសម្លាប់មេរោគ មុន និងក្រោយ កាន់ ឬស្ទាប ប៉ះពាល់វត្ថុអ្វីមួយនៅ​ខាងក្រៅ ដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែកថាតើវត្ថុទាំងនោះមានមេរោគឬអត់។ ទន្ទឹមនេះ សូមកុំយកដៃទទេដែលមិនបានសម្អាតជាមុន មកប៉ះភ្នែក ច្រមុះ ឬមាត់។ ជាមួយគ្នានេះ ត្រូវពាក់ម៉ាសឬប្រើក្រមា បើគ្មានម៉ាសដើម្បីទប់ស្កាត់ការឆ្លង​មេរោគពីគេមក​យើង នឹងពីយើងទៅគេ។

សម្ដេចបញ្ជាក់ថា សំខាន់ណាស់ បើបងប្អូនប្រជា​ពលរដ្ឋ ជាពិសេសពលករ ពលការិនី ដែលទើបវិលមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឯងឱ្យ​នៅ​ដាច់ដោយឡែក ១៤ ថ្ងៃ កុំទៅជិតឪពុកម្តាយ ប្រពន្ធ ឬ ប្តី ឬកូន ហើយត្រូវរង់ចាំទទួល​លទ្ធ​ផលពីការធ្វើតេស្តជាមុនសិនថា តើមានរោគឆ្លងឬអត់មានរោគឆ្លងទើបអាចនៅជិតគ្នាបាន។

សម្ដេចហ៊ុន សែន ក៏បានស្នើឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់​ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំ​នៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវ ម៉ាស ឬក្រមា អង្ករ មី ត្រីខ ចែកជូនប្រជា​ពលរដ្ឋក្រី​ក្រ​នៅមូលដ្ឋានផងដែរ។ សម្ដេចបានថ្លែងថា កុំចាំហៅពួកគាត់ឱ្យមកចូលរួមប្រជុំ តែ​សូម​ទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំង​អស់គ្នា​កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

សម្ដេចបានបញ្ជាក់ទៀតថា ដើម្បី​​សុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជា​មួយមន្ទីរ​សុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សា ឬប្រឹក្សាយោបល់ សូមទូរសព្ទមកលេខ ១១៥ ជាបន្ទាន់។សូមជម្រាបជូនថាគិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជា មានចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់ហើយ៕