អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវលេខ ៤០០ (ក្បែរឆ្នេរអូរឈើទាល)


នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវលេខ ៤០០ (ក្បែរឆ្នេរអូរឈើទាល) ក្នុងក្រុងព្រះសីហនុ ដែលជាផ្លួវមួយក្នុងគំរោងផ្លូវទាំង៣៤ ខែ្ស ដែលត្រូវស្ថាបនា។

យោងតាមការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេលជាង ៤ ខែហើយ ដោយក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគំរោងសា្ថបនាសរុបទាំង ៨ក្រុមហ៊ុន បាននឹងកំពុងតែពន្លឿនការងារស្ថាបនារៀងៗខ្លួន ទាំងយប់ ទាំងថ្ងៃ ដើម្បីសំរេចអោយបានទៅតាមផែនការដែលបានកំណត់ ដែលមកទល់ពេលនេះបើគិតជារួមគឺ សំរេចបានប្រមាណ ៥៥% ហើយ។