គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ សម្រេចបាន៦៧%ហើយ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២


គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤.៨២៦គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) គិតត្រឹមចុងខែមីនា ឆ្នាំ២០២០នេះ បានសម្រេចការសាងសង់ ៦៧%ហើយ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ខាងមុខ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៣ គិតមកដល់ចុងខែមីនា ឆ្នាំ២០២០នេះ បានសម្រេចការសាងសង់ ៦៧%ហើយ។

ជាមួយគ្នានោះក្រសួងសាធារណការ សូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានាដែលកើតឡើងអំឡុងសាងសង់នេះ។ ក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជំរុញឱ្យក្រុមហ៊ុន សាងសង់ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។

គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕