ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ បន្តចុះណែនាំពលរដ្ឋដែលទើបមកពីក្រៅប្រទេស ត្រូវទម្លាប់មានអនាម័យ​នឹង​នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន


(តាកែវ)៖ នៅក្នុងឱកាសចុះជួបសំណេះសំណាលនឹងសាកសួរពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលទើបតែ វិលត្រលប់មកពីក្រៅប្រទេសទៅដល់ខ្នងផ្ទះផ្ទាល់ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នៅក្នុ​ង​មូល​ដ្ឋានស្រុកសំរោង ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តបាន​មាន​ប្រសាសន៍​ថា ដើម្បីចូលរួម ទប់ស្កាត់ពីការរីករាលដាលកុំឲ្យជម្ងឺកូវីត១៩នេះ កើនឡើងកាន់តែខ្លាំង មានតែ​​បង​ប្អូនប្រជាពលរដ្ឋ​ម្នាក់ៗទេ ដែលជាអ្នកចូលរួមទប់ស្កាត់កុំឲ្យកើនដោយត្រូវមានទម្លាប់​មាន​អនាម័យ​ជាប់ជាប្រចាំ ពិសេសកុំចេញទៅណាមកណាក្រៅតែពីក្នុងផ្ទះរបស់យើង ប្រសិនបើមិន​មាន​ការ​ចាំ​បាច់អ្វីនោះទេ ។

​ឯកឧត្តមអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសស្ទើ​រ​តែពេញពិភពបានកំពុងតែឆ្លងនូវជម្ងឺកូវីត១៩នេះ ហើយកម្ពុជារបស់យើងក៏កើតមានករណីឆ្លងកូវីត១៩​នេះ​ដែរ ដែលបញ្ហានេះ វាទាមទារឲ្យយើងទាំងអស់គ្នា រួបរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺផ្លូវដង្ហើមដ៏សាច​សាហាវ​មួយនេះ ហើយក្នុងនោះបងប្អូនគួរតែបង្កើនការយកចិត្តទុកដាក់ថែទាំ សុខភាពរបស់ខ្លួន​ឲ្យបានល្អ ទម្លាប់មានអនាម័យ ដោយពាក់ម៉ាស់ឬក្រមា មានអាគុលឬសាប៊ូលាងដៃ ជាប់ជាប្រចាំ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានទម្លាប់នឹងយល់ដឹងអំពីរបៀបនៃការការពារខ្លួន នោះយើងនឹង​ងាយ​ឆ្លង​ជម្ងឺកូវីត១៩​នេះឡើយ ។

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាអប់រំ ទៅដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលទើបតែវិលត្រលប់មកពីក្រៅប្រទេស សូមទម្លាប់មានអនាម័យដោយត្រូវសម្អាតខ្លួន ពិសេសត្រូវនៅដាច់ដោយ ឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន មុននឹងសិទ្ធស្នាលជាមួយនឹង​ក្រុម​គ្រួសារ ។

​ឯកឧត្តមអភិបាលខេត្តតាកែវ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋកុំជឿទៅតាមការ​បង្ហោះនៅ​ក្នុងបណ្តាញសង្គម ឬសារជាសម្លេងនៅក្នុងឆាតអំពីការការពារខ្លួនពីជម្ងឺកូវីត១៩ដោយឲ្យ ហូបពងមាន់ឬដុសធ្មេញនឹងទឹកអំបិលជាដើម ព្រោះការណែនាំនេះវាមិនមានការបញ្ជាក់ពីក្រសួង​សុខ​ភាព​នោះទេ សូមអនុវត្តទៅតាមតែការនែណំរបស់ក្រសួងសុខាភិបាល ទើបយើងអាចជៀសផុតពីជម្ងឺ​កូវីត១៩នេះបាន ៕