ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា នៅថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ គេបានសង្កេតឃើញមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះផងដែរ ដើម្បីដោះស្រាយការលំបាករបស់ជាតិក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩៕