ឯកឧត្តម ទៀវ ម៉ាក់តែល ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម ទៀវ ម៉ាក់តែល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៣ ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលកាន់តែច្រើនឡើង៕