រដ្ឋមន្ត្រក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ


នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រក្រសួងបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិដែលមានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានការចូលរួមពីមន្ត្រី វ័យក្មេងក្នុងក្របខ័ណ្ឌចំនួន ១៤៩ នាក់។ ប្រធានបទចំនួន ៧ ត្រូវបានបញ្ចូលក្នុង វគ្គបណ្តុះបណ្តាលនោះរួមមាន ការងាររដ្ឋបាល និងធនធានមនុស្ស ការងារហិរញ្ញវត្ថុ ការងារលទ្ធកម្មការងារផែនការថវិកស ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារកិច្ចគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងយុវជនគំរូ ពលរដ្ឋល្អ មន្ត្រីឆ្នើម។ គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះគឺដើម្បី ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារតាមរយៈការបណ្តុះបណ្តាលជំនាញទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងចំណេះដឹងផ្សេងទៀតជូនដល់មន្ត្រីវ័យក្មេង បន្ថែមលើឯកទេសដែលខ្លួនបានសិក្សា។ ឯកឧត្តម សាយ សំអាល់ បានផ្តាំផ្ញើដល់មន្ត្រីវ័យក្មេងទាំងអស់ត្រូវយកចិត្តទុកដាក់លើការធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធពីគ្រូឧទ្ទេសនាមនានា។