អភិបាលខេត្តកំពត បរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែផ្ទាល់ខ្លួន ចំនួន៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩


(ភ្នំពេញ)៖ អភិបាលខេត្តកំពត ចូលរួមដោយស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែផ្ទាល់ខ្លួន សម្រាប់រយៈពេល៧ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាដោយកាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕