សម្តេចស ខេង ស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី​ពង្រឹងឱ្យបាន​នូវការជឿ​ទុក​ចិត្តពីសាធារណជន​លើប្រព័ន្ធយុត្តិធម៌​នៅកម្ពុជានា​ពេលបច្ចុប្បន្ន


(ភ្នំពេញ)៖ សម្តេចស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឲ្យលោក កើតរិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណាពង្រឹងនូវ​ការជឿ​ទុក​ចិត្ត​របស់សាធារណជនលើប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន ខណៈកន្លងទៅនេះប្រព័ន្ធយុត្តិ​ធម៌​កម្ពុជា ត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែល​ទាមទារឱ្យធ្វើការកែ​ទម្រង់។

សម្តេចស ខេងបាន​បញ្ជាក់ថាក្រសួងយុត្តិធម៌ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សេវាយុត្តិធម៌ដោយបង្កើន​ប្រសិទ្ធភាពមន្រ្តីអនុវត្តន៍ច្បាប់ និងត្រូវពង្រឹងជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌។ បន្ថែមពីនេះ​ត្រូវប្រឆាំងនូវអំពើបំពានដ៏អយុត្តិធម៌ក្នុងសង្គមតាមរយៈការពង្រឹងការអនុវត្តច្បាប់​ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងឱ្យបាននូវភាពស្អាតស្អំ និងត្រឹមត្រូវនៅក្នុងវិជ្ជា​ជីវៈរបស់​មន្រ្តីក្នុងការអនុវត្តច្បាប់។

សម្តេចបានបន្តថា ក្រសួងយុត្តិធម៌ក៏​ត្រូវពង្រឹង​នូវយន្ត​ការវិន័យការងារ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ការលើកកកម្ពស់ការផ្តល់សេវាច្បាប់និងយុត្តិធម៌នៅ​មូលដ្ឋាននិងការពង្រឹងកែលំអយន្តការដោះស្រាយវិវាទដែលអាចឆ្លើយតបបាន​ទៅនឹងស្ថាន​ភាពជាក់ស្តែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌៕