លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញចុះសាកសួរសុខទុក្ខសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំយុវជនខណ្ឌ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ  ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូន ប្រជាពលរដ្ឋ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។

ក្នុងពិធីសួរសុខទុក្ខ និង សំណេះសំណាលនេះ លោកអភិបាល បានមានប្រសាសន៍ផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន អំពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវ Covid-19 ក្នុងនោះ លោកប្រធាន ក៏បានណែនឲ្យបងប្អូនយើងប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ ឬ អាកុលអោយបានញឹកញាប់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានអាការៈក្តៅខ្លួន ក្អកឈឺបំពង់ក ឬ ពិបាកដកដង្ហើម ឬមានការសង្ស័យ  សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ជាបន្ទាន់ ឬទំនាក់ទំនងមកលោក អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដូចមានលេខទូរសព្ទ័ចំនួន០២ខ្សែគឺ ០១២ ២៥ ៦៨៦៨ និង ០៩៧ ៧២៥៦៧៨៩ ឬទូរសព្ទ័មកលេខ :- ០១២ ៩១៣៦៣១ ; ០១៧ ៨៨៤៨៨៨។

ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាល លោក អភិបាល ក៏បានចែកជូននូវអង្ករចំនួន ១០គីឡូ/គ្រួសារ និង មីយើង ០១កេស ព្រមទាំងសាប៊ូលាងដៃ ០៤ដុំតូច ផងដែរ ៕