សហព័ន្ធស្រូវអង្ករកម្ពុជា​ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ ​និងឃ្លាំងស្តុក​ ជួយទិញស្រូវពីកសិករ​ក្នុងតម្លៃសមរម្យ ​


 

(ភ្នំពេញ)៖ សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមាជិក​ទាំងអស់ ពិសេស​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ដែលមាន​ឃ្លាំង​ស្ដុក​ទុក បន្ត​ទិញស្រូវ​ពី​កសិករ​ដែល​ផលិត​បាន ក្នុងតម្លៃ​មួយ​សមរម្យ​តាម​តម្លៃ​ទីផ្សារ​។

ការស្នើរបស់សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជានេះ ដើម្បីធានាសន្តិសុខស្បៀង ជាពិសេសអង្ករសម្រាប់បង្ការត្រៀមទុក ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើង និងពិភពលោក មានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលវែង។

សូមបញ្ជាក់ថា ជាការគិតគូរពីសុខមោលភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើសេចក្តីសម្រេចឲ្យផ្អាកការនាំចេញស្រូវ និងអង្ករ “ស” មួយរយៈពេល រហូតដល់មានការជូនដំណឹងថ្មី ដែលត្រូវចូលជាធរមានចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះតទៅ៕