អភិបាលខេត្តរតនគីរី បរិច្ចាគប្រាក់ខែចំនួន៧ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា


រតនគីរី៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី នៅព្រឹកថ្ងៃទី០៣ ខែ​មេសា ឆ្នាំ​២០២០​នេះ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន​ចំនួន​០៧ខែ គឺចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ដោយប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕