រដ្ឋមន្រ្តីក្រសួងក​សិកម្ម បានចាត់តំណាង នាំយកសម្ភារៈពេទ្យទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ​​ដើម្បីចូលរួមចំណែ​កក្នុងការទប់ស្កាត់​ជំងឺកូវីដ១៩


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចាត់ឲ្យ លោក ប៊ុន កាដេត ប្រធានការិយាល័យផ្គត់ផ្គង់ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាំយកសម្ភារៈពេទ្យ ដូចជា ម៉ាស់ ចំនួន ២០០០ម៉ាស់ និងស្រោមដៃ ចំនួន២០០០គូ ព្រមទាំងទឹកសុទ្ធវីតាល់ ចំនួន២០កេស ទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ឆ្លៀតឱកាស ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរ និងសូមលើកទឹកចិត្តដល់លោកគ្រូ និងអ្នកគ្រូពេទ្យ ព្រមទាំងសហការីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកតំបែរនាពេលកន្លងមក និងស្ថិតនៅក្នុងកាលៈទេសៈនេះ ក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរាតល្បាត ជំងឺកូវីត១៩ ប្រកបដោយប្រសិទ្ធិភាព។

ក្រុមការងារទាំងអស់សង្ឃឹមយ៉ាងមុតមាំថា ក្រុមគ្រូពេទ្យទាំងអស់នឹងបន្តប្រឹងប្រែងយកអស់ស្មារតីក្នុងការឆ្លើយតបនិងដោះស្រាយបញ្ហាជំងឺរាតត្បាតនេះឱ្យកាន់តែប្រសិទ្ធិភាពបន្ថែមទៀត៕