លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានឧបត្ថម្ភម៉ាសចំនួន៥ពាន់ និងអាកុលចំនួន៥០០ដប ដល់សាលារាជធានីភ្នំពេញ


(ភ្នំពេញ)៖ លោក សំ សេរីរ័ត្ន បានយកម៉ាស ចំនួន៥ពាន់ម៉ាស និងអាកុល ចំនួន៥០០ដប របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជម្រុញការផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងរាជធានីភ្នំពេញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះតាមបណ្តាខណ្ឌ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញទាំងអស់ ដែលតែងតែធ្វើសកម្មភាពតាមបណ្តាខណ្ឌមូលដ្ឋានរៀងៗខ្លួនដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់អំពីសុខមាលភាពរបស់ពលរដ្ឋដើម្បីប្រយុទ្ធនិងជំងឺcovid-19។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរអោយបន្តធ្វើសកម្មភាពនេះបន្តទៀត និងសូមបងប្អូនជនរួមជាតិបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា ។

កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរីនិងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីឌ -១៩។