លោកបណ្ឌិត ទី នរិន្ទ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩


ពោធិ៍សាត់៖ លោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ និងសហការី លោក គង់ សារាជ ប្រធានគណៈកម្មការទី ៩ ព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ដល់បងប្អូនប្រជាជនក្រីក្រនៅឃុំលាច គ្រួសារក្រីក្រចំនួន ៩គ្រួសារ និងក្រុមការងារជាងស្ថាបនាស្ពាន ៨គ្រួសារ។

នៅក្នុងពិធីសួរសុខទុក្ខ សំណេះសំណាលនេះដែរ លោកប្រធាន បានផ្ដាំផ្ញើទៅបងប្អូន ប្រជាជនទាំងអស់សូមចូលរួមទប់ស្តាត់ ការពារការរីករាលដាលនៃជំងឺឆ្លងនេះ ដោយត្រូវអនុវត្តឲ្យបានជាប់លាប់អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សា សុខភាពផ្ទាល់ខ្លួន សមាជិកក្រុមគ្រួសាររបស់បងប្អូនឲ្យបានល្អ ក៏ដូចជាសហគមន៍ ដែលបងប្អូនរស់នៅ ដោយត្រូវប្រើប្រាស់ក្រមា ឬម៉ាសឲ្យបានត្រឹមត្រូវ ត្រូវលាងដៃនឹងសាប៊ូឲ្យបានស្អាតបាតញឹកញាប់។

លោកបានបន្តថា ក្នុងករណីដែលបងប្អូនមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ឬមានការសង្ស័យ សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ១១៥ មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ឬអាជ្ញាធរដែនដីជាដើម។ ក្នុងពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមរបស់ក្រុមការងារស្រុក ឃុំ និងអាជ្ញាធរដែនដីផងដែរ។

លោកប្រធាន និងក្រុមការងារ ក៏បានឧបត្ថម្ភជូនបងប្អូនប្រជាជននូវគ្រឿងឧបភោគ-បរិភោគដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករចំនួន ២៥គីឡូក្រាម មីជាតិ ០២កេស ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ត្រីខកំប៉ុង ០២យួរ ទឹក ដោះគោខាប់ ០៦កំប៉ុង សាប៊ូលាងដៃ ០៥ដុំ ក្រមា ០១ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលថែមទៀតផង៕